Social Network

ព័ត៌មានជាតិប្រធានរដ្ឋវៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាផ្អែកលើស្មារតីអ្នក​ជិតខាងល្អ

តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ៩ ខែកក្កដា បានឱ្យដឹងថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក តូ ឡឹម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី និង

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ប្រធានរដ្ឋវៀតណាម គ្រោងនឹងជួបជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសបញ្ជាក់ថា៖«ជំនួបទាំងនេះត្រូវបានរំពឹងថានឹងគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ»។

ប្រធានរដ្ឋវៀតណាម គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង នៅមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។

លោក តូ ឡឹម ក៏គ្រោងនឹងទទួលការចូលជួបសម្តែងការគួរសមពីសម្ដេច ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។គួរជម្រាបថា លោក តូ ឡឹម គឺជាអតីតរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ត្រូវបានរដ្ឋសភាបោះឆ្នោត ជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីខែ ឧសភា ឆ្នាំ ២០២៤។

ក្នុងឱកាសជ្រើសតាំងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើលិខិតចូលរួមអបអរផងដែរ។ ក្នុងដំណែងជាអតីតរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក តូ ឡឹម ធ្លាប់បានបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមករា ឆ្នាំ ២០២៤ និងមានជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។

ក្នុងឱកាសនៃជំនួបនោះ លោក តូ ឡឹម បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ភាគីវៀតណាមនៅក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឱ្យកាន់តែរស់រវើកបន្ថែមទៀត ជាពិសេសលើផ្នែកនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាពហុភាគី។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និងចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា

និងក្រសួងនគរបាលវៀតណាម ជាពិសេសកិច្ចប្រតិបត្តិការក្នុងការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទល្មើសផ្សេងៗទៀត៕

ដកស្រង់ពី៖ Fresh News