Social Network

JMAS ជប៉ុន​កោតសរសើរ​កងកម្លាំង CMAC កម្ពុជា ដែល​បាន​ខិតខំបំពេញ​ការងារ​ក្នុង​វិស័យ​បោសសម្អាត​មីន

រាជធានីភ្នំពេញ ៖ ប្រធានអង្គការ JMAS របស់ជប៉ុន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរបស់ស៊ីម៉ាក់កម្ពុជា CMAC ដែលបានខិតខំបំពេញការងារក្នុងវិស័យបោសសម្អាតមីន ប្រកបដោយជំនាញវិជ្ជាជីវៈ និងវិន័យខ្ពស់ ។

ការកោតសរសើនេះក្នុងឱកាស នៃជំនួបនេះ នាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) និងជាអតីតអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយក រដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤ នាវិមានសន្តិភាព ។

ក្នុងជំនួបទ្វេរភាគី នាយឧត្តមសេនីយ៍ ក៏បានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

បន្ថែមលើនេះ នាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការជួយទៅដល់ប្រជាជន ដែលបានរងគ្រោះពីគ្រាប់មីន និងសកម្មភាពផ្សេងៗ ។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងមជ្ឈមណ្ឌលសកម្ម ភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលបានផ្ដល់នូវកិច្ចសហការយ៉ាងល្អប្រសើរលើសកម្មភាពជា

ច្រើន ដូចជាសកម្មភាព នៃការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសម្រេចបានលើផ្ទៃដីសរុបជាង ៦.០០០ហិកតា និងការរុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២០.០០០គ្រាប់ ។

ដោយក្នុងនោះ លោកក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កងកម្លាំង CMAC របស់កម្ពុជា ដែលបានខិតខំបំពេញការងារក្នុងការសហការជាមួយ JMAS ប្រកបដោយជំនាញវិជ្ជាជីវៈ ការទទួលខុសត្រូវនិងវិន័យខ្ពស់ ។

នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា ក្រៅពីសកម្មភាពបោសសម្អាត មីន JMAS ក៏បានចូលរួមចំណែកក្នុងសកម្មភាពផ្សេងៗមួយចំនួនទៀត ដូចជាការជួយដល់ប្រជាពលរដ្ឋ ក្នុងវិស័យកសិកម្ម និងអប់រំ តាមរយៈការផ្តល់បច្ចេកទេស

ដើម្បីបង្កើនទិន្នផល ការបង្កើនប្រាក់ចំណូលដល់កសិករ ការចូលរួមបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីគ្រោះថ្នាក់នៃមីន និងការជម្លៀសខ្លួនចេញពីតំបន់ ដែលមានគ្រាប់មីន និងការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន សម្រាប់សហគមន៍ជនបទ ដូចជាសាលារៀន នៅតាមបណ្ដាខេត្តមួយចំនួន។

ព្រមជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុង ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹង CMAC បន្ថែមទៀត ក្នុងគោលដៅ ចូលរួមចំណែកការបោសសម្អាតមីន នៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែង នូវការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ YAMAZAKI Koji និងគណៈប្រតិភូ ព្រមទាំងបានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព

និងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតដល់ពេលបច្ចុប្បន្ន និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពរបស់ JMAS ជាមួយនឹង CMAC លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកិច្ចការនេះបាន

រួមចំណែកក្នុងការជួយទៅដល់ប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាម ក៏ដូចជាការចូលរួមចំណែកក្នុងការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ។

ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងផែរថា ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាល ចាប់តាំងពីនីតិកាលមុនៗ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

នៅតែបន្តយកចិត្តទុកដាក់ក្នុងការ បន្តសកម្មភាពបោះសម្អាតមីន ដោយសម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ១៩៩២មក ប្រទេសកម្ពុជា បានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.០០០គីឡូម៉ែត្រការ៉េ ហើយកម្ពុជា នឹងខិតខំបន្តការបោសសម្អាតមីន ប្រមាណជាង ១.៧០០គីឡូម៉ែត្រការ៉េ បន្ថែមទៀត ។

មុននឹងបញ្ចប់ សម្តេចធិបតី បានលើកទឹកចិត្តឱ្យ JMAS បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករបោសសម្អាតមីននៅកម្ពុជា ដូចជា CMAC និងអង្គភាពពាក់ព័ន្ធមួយចំនួនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការបោះសម្អាតមីនលើផ្ទៃដី ដែលនៅសេសសល់ ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ៖ «រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការបោសសម្អាតមីនជាមួយភាគីជប៉ុន ទាំងក្នុងកិច្ចសហប្រតិបត្តិការនៅកម្ពុជា និងការចូលរួមសកម្មភាពមនុស្សធម៌បោសសម្អាតមីន នៅតាមប្រទេសផ្សេងៗ» ៕

ដកស្រង់ពី៖ កោះសន្តិភាព