Social Network

២ថ្ងៃមកហើយ ឧទ្ធម្ភាគចក្រដែលបានបាត់នៅជួរភ្នំក្រវាញមិនទាន់រកឃើញមិនដឹងសុខទុក្ខយ៉ាងណា

គិតត្រឹមម៉ោង ៣ រសៀលថ្ងៃទី១៤ ខែកក្កដានេះ ឧទ្ធម្ភាគចក្រមួយគ្រឿងដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មិនទាន់ត្រូវបានរុករកឃើញនៅឡើយទេ។ជុំវិញហេតុការណ៍នេះ ក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែកក្កដានេះបានជូនដំណឹងថា ដោយសារស្ថានភាអាកាសធាតុនៅទីតាំងប្រតិបត្តិការជាតំបន់ព្រៃក្រាស់ ចុះអ័ព្ទខ្លាំង បង្កការលំបាកក្នុងការស្វះស្វែងរក ប៉ុន្តែក្រុមការងារជួយសង្រ្គោះបានដាក់ទិសដៅពង្រាយកម្លាំងក្នុងតំបន់នេះរួចហើយ។

ជាមួយគ្នានេះ ក្រសួងស្នើឱ្យសាធារណជនដែលបានសម្តែងការព្រួយបារម្ភ ឬវិស័យឯកជនដែលមានបំណងចង់ចូលរួមរុករក រក្សាភាពស្ងប់ស្ងាត់ ទុកលទ្ធភាពឱ្យក្រុមការងាររុករក និងជួយសង្រ្គោះបន្តប្រតិបត្តិការរបស់ខ្លួនសិន។

បើតាមក្រសួងការពារជាតិ ឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះដែលមានសមាសភាពនៅក្នុងឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់ និងអាកាសយាននិកម្នាក់ ។

ក្រសួងការពារជាតិ សូមថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លំាង និងគណៈបញ្ជាការឯកភាពខេត្ត ដែលបានចូលរួមរុករកជាមួយកងឯកភាព និងក្រុមជំនាញ ក៏ដូចជាអរគុណចំពោះវិស័យឯកជនដែលមានបំណងចង់ចូលរួមរុករកជាមួយក្រុមការងាររុករក និងជួយសង្គ្រោះ។

តាមផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជា គឺ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ បានហោះចេញពីរាជធានីភ្នំពេញនៅវេលាម៉ោង១១ ៖០០ នាទីព្រឹក តាមទិសដៅទៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងត្រឡប់ទៅភ្នំពេញវិញនៅវេលាម៉ោង២រសៀល។

នៅលើឧទ្ធម្ភាគចក្រនេះ គឺមនុស្សចំនួន២នាក់ គឺលោក ស៊ុន ផ្លា ប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។ក្នុងប្រតិបត្តិការរុករកនេះ មានការចូលរួមពីសំណាក់កងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ និងកងពលតូចលេខ៧០ រួមជាមួយកងកម្លាំងអាជ្ញាធរ ដែលដឹកនាំដោយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបើកប្រតិបត្តិការរុករកយ៉ាងសកម្មទាំងលើផ្ទៃដី និងមានឧទ្ធម្ភាគចក្ររុករកពីលើថែមទៀត។

ពាក់ព័ន្ធអាកាសធាតុចុះអ័ព្ទវិញ កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់មូសុងនិរតីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ដោយបាតុភូតនេះ នឹងបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ និងខ្យល់កន្រ្តាក់ គ្របដណ្តប់ស្ទើរទូទាំងប្រទេស៕

ដកស្រង់ពី៖ កម្ពុជាថ្មី