Social Network

សម្តេច​តេ​ជោ​ សម្រេច​ផ្តល់​អគារសិក្សា​១​ខ្នង​តាម​​សំណើ​យុវតី​ ​សាយ ស៊ី​ណា

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្រេចផ្តល់អគារសិក្សាមួយខ្នងតាមសំណើរបស់យុវតី សាយ ស៊ីណា ដើម្បីទុកជាប្រយោជន៍រួម ។

ការផ្តល់អគារសិក្សានេះ បន្ទាប់ពីយុវតី សាយ ស៊ីណា បានស្នើសុំក្រោយសម្តេចតេជោ បានពេញចិត្តសម្លេងចម្រៀងរបស់យុវតី ដែលបានបង្ហើរទឹកសំនៀងក្នុងកម្មវិធីប្រតួកប្រជែងក្នុងសាលារៀនកាលពីថ្មីៗនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៤ យ៉ាងដូច្នេះថា «កាលពីម្សិលមិញ ខ្ញុំបានបង្ហោះពីចៅស្រីសាយ ស៊ីណា ដែលពេលនោះ មិនទាន់ស្គាល់ឈ្មោះ និងទីកន្លែងរស់នៅ។

ខ្ញុំព្យាយាមជួបចៅស្រីតាមTelegram ដើម្បីសួរនាំពីការរៀនសូត្រ និងជីវភាពគ្រួសារព្រមទាំងបានជួយថវិកាខ្លះសម្រាប់ចៅស្រី និងឪពុកម្តាយ»។

សម្តេចតេជោបានលើកឡើងទៀតថា ថ្ងៃនេះ លោកអ៊ួន សារ៉ាត់ បានទៅដល់ផ្ទះ ដើម្បីសួរនាំឪពុកម្តាយនិងចៅស្រី ព្រមទាំងឲ្យចៅស្រីច្រៀងចម្រៀង២បទ ដោយគ្មានភ្លេង(ច្រៀងគោក) ដែលបទទីមួយ(ស្ពានសាងស្នេហ៍) ឯបទទីពីរ(វណ្ណះសង្គម) ទោះអត់ភ្លេងក៏ចៅនៅតែច្រៀងបានពីរោះ។

សម្តេចតេជោបានបញ្ជាក់ទៀតថា៖ «តាសូមសរសើរចៅ ដែលចៅបានផ្ញើសារមកតា សូមស្នើឲ្យតាជួយកសាងអគារសិក្សា១ខ្នង ៣ជាន់ ៣០បន្ទប់ ដើម្បីជាប្រយោជន៍រួមរបស់សិស្ស ។

តាបានបញ្ជូនសំណើចៅទៅនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតរួចហើយ» ។

សម្តេចតេជោក៏បានបានសរសេរទៀតថា ចុងក្រោយ ខ្ញុំថ្លែងអំណរគុណចំពោះបងប្អូនកូនក្មួយដែលមក Like ជិតកន្លះលាននាក់ និងចូលមក Comments ជាង២ម៉ឺននាក់ ក្រោយខ្ញុំបង្ហោះបាន ១៨ម៉ោង ។

 

ដកស្រង់ពី៖ កម្ពុជាថ្មី