Social Network

រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញថ្នាក់ដឹកនាំក្រោមឱវាទឱ្យរហ័សឆ្លើយតបនូវព័ត៌មានដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យថ្នាក់ដឹកនាំក្រោមឱវាទមានភាពសកម្មក្នុងការតាមដាន និងក្តាប់ឱ្យបានព័ត៌មានដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវសកម្មឆ្លើយតប ស្រាយបំភ្លឺ និងពន្យល់ឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយទៅកាន់សាធារណជន ពិសេសពលរដ្ឋដែលទទួលសេវា។

ថ្នាក់ដឹកនាំក្រោមឱវាទ ដែលលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សំដៅនោះគឺមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់។

នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកចំណុះក្រសួងមហាផ្ទៃ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានសង្កត់ធ្ងន់ទៅលើការយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីឱ្យមហាជនបានជ្រួតជ្រាបពីវឌ្ឍនការងាររបស់ក្រសួងមហាផ្ទៃ និងទទួល យកមតិរិះគន់ក្នុងន័យស្ថាបនា សំណើ និងសំណូមពរពីមហាជន។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការដ្ឋាន អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានទាំងអស់សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល

និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពការងាររបស់អង្គភាពកន្លងមក ក៏ដូចជាបកស្រាយបំភ្លឺរាល់ករណី ឬ ហេតុការណ៍ចាំបាច់ណាមួយដែលវាយប្រហារប៉ះពាល់លើការដឹកនាំ និងគ្រប់គ្រង ដោយមិនរង់ចាំតែការបកស្រាយបំភ្លឺពីក្រុមអ្នកនាំពាក្យនោះឡើយ។

លោកប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកប្រចាំដឹកនាំកិច្ចប្រជុំពិនិត្យ ស្រាវជ្រាវ តាមដាន និងវាយតម្លៃការងារជាប្រចាំ ដើម្បីវិភាគកែលម្អ តម្រង់ទិសការងារ ការតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយតាមអង្គភាពនីមួយៗរបស់ខ្លួន៕

ដកស្រង់ពី៖ កម្ពុជាថ្មី