Social Network

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង វិនពីង (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ លោក វ៉ាង វិនពីង មានអតីតភាពជាអ្នកនាំពាក្យដ៏ឆ្នើមមួយរូបរបស់ក្រសួងការបរទេសចិន ហើយគេបានផ្តល់រហស្សនាមឱ្យលោកថា «អ្នកចម្បាំងចចក»។

លោកត្រូវបានរដ្ឋាភិបាលចិន សម្រេចតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ លោក វ៉ាង វិនពីង បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។

លោក វ៉ាង វិនពីង បានប្តេជ្ញាប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាមួយការផ្តើមការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា លោក វ៉ាង វិនពីង បានជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ និងផលិតផលរបស់កម្ពុជាផងដែរ៕

 

ដកស្រង់ពី៖Fresh News