Social Network

ភ្នំពេញ នឹងសង់ស្ពានអាកាស ផ្លូវក្រោមដី ផ្លូវថ្មើរជើងបន្ថែមទៀត នៅឆ្នាំនេះ

ភ្នំពេញ៖ ខណៈដែល ស្ពានអាកាសស្ទឹងមានជ័យ គ្រោងនឹងសម្ពោធ ដាក់ឲ្យប្រើប្រាស់ នៅចុងខែកក្កដា ខាងមុខនោះ នៅថ្ងៃអង្គារ ម្សិលមិញនេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាស អំពីគម្រោងចំនួន ៣បន្ថែមទៀត សម្រាប់កែលម្អរ ការធ្វើដំណើរក្នុងរាជធានី។

ស្ពានអាកាស ចំនួនពីរកន្លែង ផ្លូវក្រោមដីមួយកន្លែង និងវិថីថ្មើរជើងមួយខ្សែទៀត ត្រូវបាន សាលារាជធានីភ្នំពេញ កំណត់រួចហើយ ថាខ្លួននឹងបើកការដ្ឋាន សាងសង់បន្ទាប់ពីការសម្ពោធ ស្ពានអាកាសស្ទឹងមានជ័យ។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ។ ថ្លែងក្នុងកិច្ចប្រជុំ ជាមួយគណៈកម្មការ ជំនាញបច្ចេកទេស នៅព្រឹកថ្ងៃ អង្គារម្សិលមិញនេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាស បញ្ជាក់ថា សាលារាជធានី គ្រោងនឹងសាងសង់ ស្ពានអាកាស ចំនួនពីរបន្ថែមទៀត នៅបណ្ដោយ ផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបទួលគោក (មុខពន្ធដារ) និងស្តុបផ្លូវបំបែកហាណូយ ត្រង់បុរី១០០ខ្នង។

ចំណែកផ្លូវក្រោមដី នឹងត្រូវសាងសង់ ត្រង់ចំណុច ស្តុបកាណាឌីយ៉ា ខណៈដែរផ្លូវថ្មើរជើង នឹងត្រូវស្ថាបនា តាមបណ្ដោយមាត់ទន្លេ មុខព្រះបរមរាជវាំង។ បើតាម ឯកឧត្តម ប៉ា សុជាតិវង្ស ផ្លូវ និងស្ពានទាំង ៤គម្រោងខាងលើនេះ សាលារាជរាជធានី បានត្រៀមរៀបចំ ឯកសារស្ដីអំពី គម្រោងនេះរួចរាល់ហើយ ហើយថា សាលារាធានីភ្នំពេញ នឹងដាក់ជូនផែនការនេះទៅកាន់ រាជរដ្ឋាភិបាល ដើម្បីឆ្លង និងសម្រេចចុងក្រោយ។

ទីភ្នាកងារសារព័ត៌មានកម្ពុជា AKP បានស្រង់សម្ដី ឯកឧត្តម អភិបាលសាលារាជធានី មកបញ្ជាក់ថា៖ «ការរដ្ឋាន នៃគម្រោងខាងលើនេះ និងចាប់ផ្ដើមដំណើរការ បន្ទាប់ពី ការសម្ពោធដាក់ឲ្យ ប្រើប្រាស់ ជាផ្លូវការនូវ ស្ពានអាកាស ស្ទឹងមានជ័យ នៅចុងឆ្នាំ២០១៤នេះ»។ សម្រាប់ឯកឧត្តមអភិបាល ការបញ្ជៀស ការកកស្ទះចរាចរ និងសោភ័ណភាពរាធានី គឺជាគោលដៅ ដ៏ចំបង នៃគម្រោងខាងលើនេះ។ សម្រាប់គម្រោងសាងសង់ ផ្លូវថ្មើរជើងនោះ សាលារាជធានី គ្រោងនឹងស្ថាបនា ជា៣ដំណាក់កាល។ ដំណាក់កាលទី១ នឹងស្ថាបនា ចាប់ពីបញ្ជរព៌ត័មាន ទេសចរណ៍មុខ ព្រះបរមរាជវាំង ដល់ស្ពានកោះពេជ្រ និងដំណាក់កាលទី២ ចាប់ពីស្ពានកោះពេជ្រ ដល់ ស្ពានព្រះមុនីវង្ស ក្បាលថ្នល់។

គម្រោងដំណាក់កាលទី២នេះ គឺសម្រាប់ឲ្យប្រជាពលរដ្ឋ ដើរកម្សាន្ដ និងហាត់ប្រាណ ដោយគ្មានការប៉ះពាល់ រំខានពីរថយន្ដ ម៉ូតូ ឬកង់តាមដងវិថីទៀត នោះឡើយ។ ឯកឧត្តម ប៉ា សុជាតិវង្ស បានបន្ថែមផងដែរថា៖ «បន្ទាប់ពីយើងសាងសង់ទាំង ២ ដំណាក់កាលនេះរួចហើយ យើងគ្រោងបន្ដសាងសង់ ចាប់ពី មុខព្រះបរមរាជវាំង ទៅដល់គល់ស្ពាន ជ្រោយចង្វារ ទាំងត្រើយយខាងលិច និងខាងកើតទន្លេប។ ដំណាក់ទី៣បញ្ចប់ យើងនឹងបន្ដទៅ ដំណាក់កាលទី៤ គឺចាប់ពីគល់ស្ពាន ជ្រោយចង្វារ ទាំងសង់ខាង (ខាងលិចខាងកើតទន្លេ) រហូតទៅដល់ខណ្ឌ ព្រែកព្នៅ (ស្ពាន់លីយ៉ុងផាត់)»៕

ប្រភព៖ គេហទំព័រថ្មីៗ