Social Network

ច​ន ច័ន្ទ​ល​ក្ខិ​ណា មាន​ជំងឺ​មួយ​ត្រៀម​វះកាត់

រាជធានីភ្នំពេញ ៖ អ្នកនាងចន ច័ន្ទលក្ខិណា បានទម្លាយឲ្យដឹងពីជំងឺមួយ ដែលនាងត្រៀមខ្លួនចូលវះកាត់ ជាចាំបាច់ចៀសវាងការរីករាលដាលធ្ងន់ជាងនេះ គឺជំងឺ«ពកក» ។

អ្នកនាងចន ច័ន្ទលក្ខិណា កើតជំងឺ«ពកក»ជាយូរមកហើយ តែដោយសារជំងឺនេះនៅមិនទាន់ធ្វើទុក្ខ ឬរំខានច្រើនដល់ការបំពេញការងារទើបនាងមិនទាន់បានទៅរកពេទ្យ ។ នាពេល ថ្មីៗកន្លងមកអ្នកនាងចន ច័ន្ទលក្ខិណា ឱ្យដឹងថា នាងកំពុងត្រៀមខ្លួនវះកាត់ជំងឺ «ពកក» ដែលរយៈពេលចុងក្រោយនេះ វាបានធ្វើទុក្ខដល់សុខភាពរបស់នាង ពិបាកទ្រាំទ្រខ្លាំងណាស់ ព្រោះតែគ្រូពេទ្យឱ្យនាងញ៉ាំអាហារមួយចំនួន តែនាងមិនបានអនុវត្តតាម ។

ចន ច័ន្ទលក្ខិណា និយាយថា «ជំងឺនេះវាមិនបានឱ្យខ្ញុំខាតពេលវេលាច្រើនណាស់ទេ គឺគ្រាន់តែវះកាត់ ហើយព្យាបាលមួយរយៈនឹងជាសះស្បើយជាមិនខានឡើយ ។ ខ្ញុំមានបញ្ហាសុខភាពឈឺបំពង់ក ព្រោះខ្ញុំមានជំងឺ «ពកក» តែវាមិនដុះចេញមកខាងក្រៅទេ គឺដុះចូលទៅក្នុង ។

មួយរយៈនេះខ្ញុំរវល់ច្រើនពេក រកតែពេលវះកាត់មិនបាន តែខ្ញុំនឹងឆ្លៀតទៅវះកាត់ព្យាបាលឱ្យទាន់ពេលវេលា នៅពេលដែលខ្ញុំរាងទំនេរបន្តិចនាពេលខាងមុននេះ ព្រោះអាណត្តិជាប្រធានសមាគមសិល្បករខ្មែររបស់ខ្ញុំ ក៏ជិតចប់ដែរហើយ អ៊ីចឹងបើវះកាត់ពេលនោះអាចបានសម្រាកច្រើន»។

ចន ច័ន្ទលក្ខិណា បានប្រកាសផ្អាកសម្តែងភាពយន្តក្រោយពេលដែលនាងបានបង្កើតផលិតកម្មផ្ទាល់ខ្លួន ហើយផលិតបានមួយចំនួនមកហើយ ។ បើទោះជានាងមិនទទួលសម្តែង តែក៏មិនចោលសិល្បៈទេ ក្រៅពីមានផលិតកម្មក៏មានផេកមួយរៀបចំប្រគំតន្ត្រីចូលរួមដោយសិល្បករនានា ពិសេសផ្តោតលើការផ្តល់ឱកាសដល់ជនពិការមានឱកាសបានច្រៀង ៕

ដកស្រង់ពី៖ កោះសន្ដិភាព