Social Network

លេច​ធ្លាយ​ស្មាត​ហ្វូន​ Nokia​ ដែល​មាន​ម៉ូត​កាមេរ៉ា​រាង​រង្វង់​ និង​សេនស័រ​ទំហំ​ធំ​ដល់​ទៅ​ 48MP​ ឯណោះ​

នារយៈពេលពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ HMD  Global គឺជាក្រុមហ៊ុនលក់ស្មាតហ្វូន ដែលមានសិទ្ធិប្រើម៉ាក Nokia និងនាំយកនូវបទពិសោធន៍ ប្រព័ន្ធប្រតិបត្តិការ Android ជំនួសឲ្យប្រព័ន្ធប្រតិបត្តិការ Windows Phone វិញផងដែរ។ រហូតមកដល់ឥឡូវនេះ

យើងក៏ប្រទះឃើញមាន ស្មាតហ្វូនរបស់ Nokia ម៉ូឌែលថ្មីមួយទៀត ដែលមានការឌីហ្សាញ ផ្នែកកាមេរ៉ាខាងក្រោយ ជាម៉ូតបែបរង្វង់ថ្មីប្លែក មិនធ្លាប់មានឃើញ នៅលើម៉ូឌែលមុនៗ សោះឡើយ។

រូបភាពលេចធ្លាយ ថ្មីៗទាំងអស់នេះ ត្រូវបានបង្ហោះនៅលើ កម្មវិធីបណ្ដាញសង្គមចិន Weibo និងបានបញ្ជាក់ប្រាប់ថា ស្មាតហ្វូនស៊េរីថ្មីមួយនេះ មានឈ្មោះកូដហៅថា “daredevil” ក៏ប៉ុន្ដែសម្រាប់ឈ្មោះ ប្រើប្រាស់ជាផ្លូវការ នៅមិនទាន់ដឹងនោះទេ។ ចំណែកឯអ្វី ដែលទាក់ទាញបំផុត គឺស្ថិតនៅត្រង់កាមេរ៉ា ផ្នែកខាងក្រោយតែម្ដង ដែលមានរាងជារង្វង់ និងប្រទះឃើញមាន សេនស័រកាមេរ៉ាចំនួន 2 គ្រាប់ ហើយហាក់បីដូចជា សេនស័រជំនួយមួយគ្រាប់ និងភ្លើង Flash LED ផងដែរ។ ក្រៅពីនេះទៅទៀត តួខ្លួននៃស្មាតហ្វូននេះ គឺបំពាក់ដោយកញ្ចក់ និងអាចជាស៊ុមអាលុយមីញ៉ូម ហើយព្រមទាំងមាន កន្លែងស្កេនម្រាមដៃ នៅខាងក្រោយថែមទៀតផង។

 

បើមើលទៅលើកាមេរ៉ាវិញ យើងបានឃើញថា ស្មាតហ្វូនស៊េរីថ្មីនេះ គឺបានភ្ជាប់មកជាមួយ សេនស័រដើមទំហំធំ 48 មេហ្គាភិចសែល ដែលនៅផ្ទាំងម៉ឺនុយ Camera ដាក់បង្ហាញអាចផ្លាស់ប្ដូរ ទៅកាន់របៀបថតបែប Wide-Angle ដូច្នេះអាចសន្មត់បានថា កាមេរ៉ាមួយទៀត អាចនឹងជាលេនប្រភេទ Wide-Angle ផងដែរ។ ចំពោះផ្នែកអេក្រង់ខាងមុខ មានការរចនាបថ ថ្ងាសឆកប្រភេទ ដំណក់ទឹកធ្លាក់ ហើយមានគែមអេក្រង់តិច អាចទទួលយកបាន និងចង្កាជាមួយអក្សរម៉ាក Nokia ដើម្បីតំណាងតែម្ដង។

លើសពីនេះទៅទៀត ស្មាតហ្វូនស៊េរីថ្មីមួយនេះ នឹងត្រូវបានបំពាក់ដោយ បន្ទះឈីបពីក្រុមហ៊ុន Qualcomm Snapdragon SoC (មិនទាន់ដឹងពីជំនាន់) និងដំណើរការនៅលើ ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ចេញពីប្រអប់ស្រាប់។ យើងក៏ប្រទះឃើញមាន រន្ធដាតកាស 3.5mm ហើយរន្ធសាកថ្មប្រភេទ USB Type-C ហើយបន្ថែមនូវប៊ូតុងដ៏ពិសេស សម្រាប់បើកមុខងារ AI នៅខាងឆ្វេងស្មាតហ្វូន ថែមទៀតផង។

ដកស្រង់ចេញពីCamborReport