ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានគេចោទថា មានស្រីកំណាន់ ខាងក្រៅផ្ទះ បានត្រឹមតែធ្វើអោយភរិយារបស់ ឯកឧត្តម អស់សំណើចតែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម រដ្ឋមន្ត្រី នៅក្នុងទំព័រហ៊្វេសប៊ុក របស់ឯកឧត្តមនៅព្រឹកថ្ងៃពុធ ម្សិលមិញនេះ។
ឯកឧត្តម រដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វ៊េសប៊ុក របស់ឯកឧត្តម អំពីមិត្តភក្ត្ររបស់ឯកឧត្តម ដែលសង្ស័យថា ឯកឧត្តម មានសង្សារជានិស្សិត ហើយថាឯកឧត្តម បានទិញរថយន្ត និងផ្តល់អង្គរក្សអោយទៀតផង ព្រោះខ្លាចប្រពន្ធឯកឧត្តម តាមធ្វើបាបស្ត្រីនិស្សិតនោះ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានពន្យល់ប្រាប់វិញ យ៉ាងដូច្នេះ៖ «ខ្ញុំប្រាប់ថា ចំណាស់ខ្ញុំ បើមានសង្សារ ក៏គេមិនហៅថាសង្សារទេ គឺគេហៅស្រី។ ហើយបើមាន ខ្លាចប្រពន្ធ តាមធ្វើបាប ខ្ញុំទិញយន្តហោះ អោយជិះវិញ។ ឯរឿងអង្គរក្សវិញ បើខ្ញុំមិនមានខ្លួនឯងផង ហេតុអី ក៏ប្រឹងវេទនា រកអោយគេធ្វើអី្វ»?
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានហៅព័ត៌មានខាងលើនេះ ថាជាការមួលបង្កាច់។ ប៉ុន្តែឯកឧត្តមថា ឯកឧត្តម អរគុណអ្នកមួលបង្កាច់ ឯកឧត្តម «ព្រោះយ៉ាងហោចណាស់ ព័ត៌មាននេះ បានធ្វើអោយ ភរិយារបស់ឯកឧត្តម បានសើចសប្បាយ បានប៉ុន្មានថ្ងៃដែរ»៕
ឯកឧត្តម ខៀវ កាញារីទ្ធ និង ឧត្តមភរិយា លោកជំទាវ ទេព រង្សុី