Social Network

សុខ ជំនោរ​ បង្ហើបខ្លះៗពីគម្រោងបង្កើតផលិតកម្មថ្មី

កវីនិពន្ធទំនុកច្រៀងចាស់វស្សា និងមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈម្នាក់ គឺលោក សុខ ជំនោរ ប្រកាសថា រូបលោកនឹងត្រឡប់មកចាប់អាជីពផលិតចម្រៀងឡើងវិញ

ប៉ុន្ដែលោកមិនទាន់អាចប្រាប់បានទេថា ផលិតកម្មដែលលោកនឹងបង្កើតថ្មីនោះ មានឈ្មោះអ្វី ហើយមានអ្នកចម្រៀងណាខ្លះនឹងចូលរួម ដើម្បីបម្រើអារម្មណ៍ប្រិយមិត្ដនោះទេ។ លោក សុខ ជំនោរ គ្រាន់តែបង្ហើបខ្លីថា បច្ចុប្បន្នលោកកំពុងរត់ការអាជ្ញាប័ណ្ណ ហើយអ្នកចម្រៀងភាគច្រើនមានកេរ្ដិ៍ឈ្មោះ និងអាជីពស្រាប់ នៅឡើយតែខាងលោក និងដៃគូសហការសម្រេចជាចុងក្រោយលើការបង្កើតក្រុម ឬផលិតកម្មថ្មីនេះឡើងប៉ុណ្ណោះ។

លោក មិនបារម្ភរឿងទីផ្សារបទចម្រៀងសព្វថ្ងៃនេះទេ ហើយលោកសង្ឃឹមថានឹងមានប្រិយមិត្តគាំទ្រច្រើន ព្រោះលោកមានយុទ្ធសាស្ត្រទីផ្សារថ្មី ដើម្បីថ្ពក់យកអារម្មណ៍អ្នកស្ដាប់ ឬអ្នកទស្សនា។ លោក សុខ ជំនោរ៖ "ខ្ញុំមិនទាន់អាចបញ្ចេញអីបានច្រើននៅឡើយទេ ចាំមើលចូលឆ្នាំរួច ឬដល់ពេលដែលកូរ៉ូណាស្ងប់ស្ងាត់សិន ព្រោះសូម្បីឥឡូវនឹងក្រុមការងារយើងក៏មិនទាន់ហ៊ានជួបគ្នា ដើម្បីពិភាក្សាលម្អិតដែរ"។ លោក សុខ ជំនោរ ជាអ្នកនិពន្ធទំនុកច្រៀងចាប់តាំងពីឆ្នាំ២០០៣។

លោកធ្លាប់ឆ្លងកាត់ធ្វើការជាអ្នកនិពន្ធឲ្យផលិតកម្មធំៗចំនួនបី គឺផលិតកម្មរស្មីស្ទឹងសង្កែ ផលិតកម្ម Spark Music និងចុងក្រោយលោកនិពន្ធឲ្យផលិតកម្មរស្មីហង្ស មាស។ លោក បានបោះបង់អាជីពនេះមួយរយៈធំ ក្រោយពីលោកមានការងារផ្សេងទៀត រួមទាំងងារជាឯកឧត្ដម ដែលជាទីប្រឹក្សារបស់ក្រសួងព័ត៌មានទៀតផងនោះ។

បច្ចុប្បន្នលោក ចង់បង្ហាញទឹកដៃ និងកិត្ដនាមរបស់លោកជាថ្មីទៀតក្នុងពិភពសិល្បៈ ដោយបង្កើតក្រុមថ្មីមួយ ដោយលោកធ្លាប់បង្ហោះសារ និងក្រុមតន្ដ្រីករ និងអ្នកចម្រៀងដែលគ្រោងនឹងចាប់ដៃគ្នានោះទៀតផង៕

 

 

 

 

ដកស្រង់ពី៖ Sabay