Social Network

Fan Bingbing ត្រូវ​អតីត​អ្នក​គាំទ្របដិសេធ​រក​ស៊ី​ជាមួយ ទាំង​ពី​មុន​ហៅ Idol ពេញ​ៗ​មាត់

ខណៈការត្រលប់វិលចូលសិល្បៈមិនទាន់បានរលូននោះ តារាសម្ដែងល្បីឈ្មោះចិន ត្រូវពឹងផ្អែកលើការរកស៊ីដើម្បីចិញ្ចឹមជីវិត យ៉ាងណាក្ដីវិថីមួយនេះក៏មិនងាយស្រួលសម្រាប់នាងដែរ។

មុននេះបន្តិច តារាសម្ដែងស្រីជួរមុខចិន Fan Bingbing បានបង្ហោះកម្រងរូបភាពហាត់ Yoga នៅលើបណ្ដាញសង្គមរបស់ខ្លួន ដោយមិនមានផាត់មុខសោះ បង្អួតសម្រស់វ័យក្មេងទោះបីមានវ័យ៣៩ឆ្នាំហើយក៏ដោយ។ យ៉ាងណាក៏ដោយ បណ្ដាញព័ត៌មាន Sina បានឲ្យដឹងថា ដោយសារតែរឿងអាស្រូវគេចពន្ធកាលពីឆ្នាំមុន ការត្រលប់មកវិស័យភាពយន្តរបស់ស្រីស្អាតរូបនេះនៅតែមានការពិបាកនៅឡើយ។

ដូច្នេះហើយ ក្នុងពេលនេះនាងត្រូវពឹងផ្អែកលើមុខជំនួញថែរក្សាសម្រស់ដើម្បីរកចំណូល។ ប៉ុន្តែ ប្រភពដដែលក៏បានលើកឡើងដែរថា ដោយសារតែការរាលដាលនៃមេរោគ Covid-19 ហាងកែសម្ផស្សរបស់តួរឿង ព្រះនាងយេយេ បានបិទទ្វារអស់មួយខែហើយ។ ដោយចំណូលតែមួយគត់របស់នាងពេលនេះគឺលក់ផលិតផលថែរក្សាសម្រស់ដោយឡាយតាមអ៊ីនធឺណិត។

ដើម្បីការឡាយរបស់ខ្លួនទាក់ទាញមនុស្សច្រើន Fan Bingbing តែងអញ្ជើញតារាបណ្ដាញសង្គមល្បីៗជាច្រើនចូលរួមជាមួយខ្លួន រាល់ពេលផ្សព្វផ្សាយផលិតផលម្ដងៗ។ ថ្មីនេះបំផុត នាងបានទាក់ទងទៅតារាអនឡាញ Wei Ya ដែលជាមានអ្នកគាំទ្រច្រើនមកឡាយជាមួយខ្លួន។

យ៉ាងណាក្ដី តារាបណ្ដាញសង្គមខាងលើ បានបដិសេធសំណើររបស់កំពូលតារាស្រីចិន ទាំងកាលពីមុនធ្លាប់និយាយពេញៗមាត់ថា Fan Bingbing ជា Idol របស់ខ្លួន។ Sina បានឲ្យដឹងថា Wei Ya មិនចង់ឡាយជាមួយ តារាកើតឆ្នាំ១៩៨១គឺមកពីខ្លាចរឿងអាស្រូវរបស់តារានេះ ប៉ះពាល់ដល់ខ្លួន៕

ដកស្រង់ពី៖ Sabay