Social Network

អ្នក​និពន្ធ សោម ដូរ៉េ បញ្ចេញ​លទ្ធផល​ការងារ​រយៈ​១០ឆ្នាំ ពិត​ជា​សមិទ្ធផល​ដ៏​ធំ​មួយ!

គិតមកត្រឹមថ្ងៃនេះ អ្នកនិពន្ធ សោម ដូរ៉េ បានឈានមកដល់គម្រប់ ១០ឆ្នាំនៃអាជីពជាអ្នកនិពន្ធរបស់ខ្លួនដោយឆ្លងកាត់ការងារជាច្រើនផលិតកម្ម និងផលិតបទចម្រៀងបានប្រមាណជិត១ពាន់បទថែមទៀត។

សមិទ្ធផលនេះ ក្រោយពីលោកបានចាប់អាជីពដំបូងនៅហង្សមាស ហើយបច្ចុប្បន្នជាអ្នកនិពន្ធ និងដឹកនាំនៅផលិតកម្មថោន។ ១០ឆ្នាំមកនេះ លោក ដូរ៉េ ផលិតបានចំនួន ៩០៩ បទក្នុងនោះ ៧៥% នៃបទដែលលោកបាននិពន្ធ គឺជាប្រភេទ Original Song ក្នុងនោះមានបែងចែកជាប្រភេទវ៉ុលពិសេសៗចំនួន ៩ មាន ចម្រៀងជាតិ ៥បទ ចម្រៀងអប់រំដឹងគុណ ១៨បទ។

ចម្រៀងរឿងពិតពីអ្នកចម្រៀងចំនួន ១០បទ ចម្រៀងអន្តរជាតិសម្រាប់ Vevo ៣បទ។ ក្រៅពីនេះក្នុងចំណោមជាង ៩០០បទដែលលោកផលិតបាន គឺចម្រៀងប្រភេទចង្វាក់ប្រពៃណី មានរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ តាលុង មហោរី ជាដើម បានជាង ៣០០បទ និងចម្រៀងអន្តរជាតិ បានជាង ២០០បទទៀត។ នេះជាលទ្ធផលដែលលោកបានសម្រេចបានក្នុងរង្វង់ ១០ឆ្នាំក្នុងអាជីពជាអ្នកនិពន្ធចម្រៀងឲ្យផលិតកម្មធំៗនៅក្នុងស្រុក។

លោកថ្លែងថា "កាលពី១០ឆ្នាំមុន គឺជាការចងចាំក្នុងក្រអៅបេះដូងដល់ថ្ងៃស្លាប់!"។ គិតដល់សមិទ្ធផលខាងលើ លោក ដូរ៉េ ក៏បាននឹកឃើញដល់បុគ្គលសំខាន់ៗមួយចំនួន ដែលបានជួយជ្រោមជ្រែងលោកនៅក្នុងការងារនេះ ក្នុងនោះមានថ្នាក់ដឹកនាំផលិតកម្មនីមួយៗ រួមទាំងរៀបច្បងមួយចំនួនផង។

"ខ្ញុំអរគុណផលិតកម្មរស្មីហង្សមាសដែលបានផ្ដល់កំណើតអាជីពរបស់ខ្ញុំ!អរគុណបងប្រុស អ៊ឹង សុខលាភ ផ្ដល់ក្ដីអាណិតប្រកបដោយមេត្តាធម៌ អរគុណបងស្រី ប៊ុន ចាន់និមល បងស្រី ពេជ្រ សោភា និងគ្រូភ្លេងគ្រប់ជាន់ថ្នាក់ដែលបានប្រដៅបង្រៀនអប់រំ ជាពិសេសទស្សនិកជនដែលបានផ្ដល់តម្លៃ និងគាំទ្រស្នាដៃរបស់ខ្ញុំទើបធ្វើឲ្យខ្ញុំមានថ្ងៃនេះ! អរគុណដល់ ផលិតកម្ម ថោន បងប្រុស វ៉ា សុធា ដែលបានផ្ដល់ឱកាសជ្រកក្រោមម្លប់ដ៏កក់ក្ដៅ"។

លោក សោម ដូរ៉េ ថ្លែង។ អ្នកនិពន្ធល្បីឈ្មោះរូបនេះ បញ្ជាក់ថា លោកស្រឡាញ់អាជីពជាអ្នកនិពន្ធនេះខ្លាំងណាស់ ដូច្នេះហើយទើបធ្វើឲ្យលោកនឹកគុណដល់អ្នកជួយជ្រោមជ្រែងលោកគ្រប់គ្នា។ លោកបន្ថែមថា ដោយសារតែបែបនេះ លោកច្បាស់ណាស់ថា នឹងមិនទៅណាចោលអាជីពមួយនេះឡើយ ដរាបណាលោកនៅតែមានលទ្ធភាព និងសមត្ថភាពធ្វើវានោះ។ "ខ្ញុំពិតជាស្រលាញ់អាជីពមួយនេះខ្លាំងណាស់ ហើយខ្ញុំក៏សូមបូជាអារម្មណ៍ និងជីវិត រហូតដល់ថ្ងៃដែលខ្ញុំអស់ថាមពលបម្រើលើវិថីសិល្បៈមួយនេះ!”។

ឆ្លងតាមការងាររបស់ខ្លួន លោក សោម ប្រាប់ថា នៅផលិតកម្មណា ក៏មានបទលោកផ្ទុះដែរ ក្នុងនោះមានដូចជានៅរស្មីហង្សមាសមានបទ "សង្សារលេងៗ" "សង្សារផ្ទាល់ខ្លួន" "កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា"។ ដោយឡែកនៅថោន មានបទ "ស្វាគ្រវីលីអូ” "បោកខោអាវនឹកស្នេហ៍" "រាំជាន់អាចម៍គោ" "ស្នេហ៍អាថ៌កំបាំង" "លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ" និងបទ "រលឹមប្រុយៗ" ជាដើម៕

ដកស្រង់ពី៖  Sabay