Social Network

ត្រូវ​គេ​បង្អាប់​ថា​ជា​ភេទទី ៣ តាំងពីចូលសិល្បៈ តែ​ Heechul មិនហ៊ានបដិសេធ ព្រោះ​ហេតុផលនេះ

ប្រឈមមុខនឹងពាក្យថាភេទទី ៣អស់រយៈពេលជាយូរ ពេលនេះ Heechul ដាច់ចិត្តទម្លាយពីមូលហេតុពីក្រោយដែលលោកមិនជំទាស់នឹងពាក្យគេថាទាំងនោះ។

កាលពីថ្ងៃទី ១៣ ខែមេសា ភាគមួយនៃកម្មវិធី "Love of 7.6 Billion” មានការចូលរួមរបស់តារាទូរទស្សន៍ Hong Suk Chun ដែលបានលើកយកប្រធានបទទាក់ទងនឹងផ្លូវភេទ។ Heechul បាននិយាយថា៖ «មនុស្សមួយចំនួនដឹងពីរឿងនេះ ប៉ុន្តែកាលពីពេលជំនាន់ខ្ញុំចេញមុខដំបូង មានពាក្យចចាមអារ៉ាមច្រើនណាស់ ថាខ្ញុំជាខ្ទើយ។

ខ្ញុំថែមទាំងត្រូវគេបង្អាប់ជាមួយតារាប្រុសផ្សេងទៀត ទៀតផង។ មូលហេតុគេគិតថាខ្ញុំបែបនេះ ដោយសារខ្ញុំទុកសក់វែង ហើយពាក់លែនភ្នែកពណ៌ស្រស់ទៀតកាលនោះ»។ សមាជិក Super Junior រូបនេះនៅបានបន្តថា៖ «ដំបូងខ្ញុំចង់ចេញមុខច្រានចោលពាក្យមិនពិតទាំងនោះដែរ ប៉ុន្តែខ្ញុំមានគិតថា បើខ្ញុំធ្វើបែបនោះ ខ្ញុំនឹងអាចទៅជាមនុស្សម្នាក់ដែលមិនគោរពសិទ្ធិចំពោះភេទទី៣។

មិនថានៅបរទេស ឬក្នុងប្រទេសនោះទេ ប្រាកដជានឹងមានភេទទី៣ ម្នាក់ក្នុងចំណោមអ្នកគាំទ្រប្រុសៗដែលមកទស្សនាការសម្ដែង Concert របស់យើងដូចនេះបើធ្វើដូច្នោះខ្ញុំប្រាកដជាមានអារម្មណ៍ថាសោកស្ដាយខ្លាំង និងមិនគប្បីចំពោះអ្នកគាំទ្រ»៕

ដកស្រង់ពី៖ Sabay