Social Network

បែកពីការងារថតកុន ៣ឆ្នាំ Lee Minho បង្ហាញ​ការយល់ឃើញថ្មីពេល​វ័យ​ក៏ចូលខ្ទង់៣០

វាមានរយៈពេលជាង ៣ឆ្នាំហើយដែល Lee Minho អវត្តមានពីអាជីពសម្ដែង ប៉ុន្តែពេលនេះលោកបានវិលមកជួបអ្នកគាំទ្ររបស់ខ្លួនវិញហើយតាមរយៈរឿងថ្មីដែលមានចំណងជើងថា «The King: Eternal Monarch»។

ម្សិលមិញនេះគឺជាកម្មវិធីសន្និសីទកាសែតសម្រាប់ការបញ្ចាំងរឿងថ្មី Lee Minho បានលើកឡើងផងដែរពីអារម្មណ៍ពិតយ៉ាងណា នូវរយៈពេល៣ឆ្នាំ ដែលលោកឃ្លាតឆ្ងាយពីសិល្បៈ។ «ខ្ញុំឆ្ងាយពីសិល្បៈរយៈពេល ៣ឆ្នាំ វាជាពេលដែលខ្ញុំអាចសម្លឹងមើលខ្លួនខ្ញុំកាលពីមុន។ ខ្ញុំស្ថិតនៅកន្លែងមួយដែលត្រូវគិតពីរបៀបរៀបចំឫកពាថ្មី មិនមែនជាបុរសខ្ទង់វ័យជាង ២០ដូចមុនទេ ប៉ុន្តែ ជាមនុស្សម្នាក់ដែលស្ថិតក្នុងវ័យ ៣០ម្ដង។

ខ្ញុំគិតថា នេះក៏បានន័យថាខ្ញុំចង់បង្ហាញអ្នកគ្រប់គ្នាថាខ្ញុំចាស់ទុំហើយ»។ និយាយទាក់ទងនឹងតំណែងតួឯកក្នុងរឿងនេះវិញ Minho ក៏បានលើកឡើងដែរថា៖ «ខ្ញុំសង្កេតមើលច្រើនឆ្នាំកន្លងមកហើយ ហើយក៏បានស្រាវជ្រាវ និងគិតខ្លាំងពីទិសដៅដែលខ្ញុំចង់ទៅ។ ខ្ញុំបារម្ភនាស់ ហើយពេលខ្ញុំត្រឡប់មកវិថីនេះម្ដងទៀត វាហាក់ដូចជាមិនដូចមុនសោ។

ខ្ញុំមានអារម្មណ៍ល្អ សប្បាយចិត្ត ហើយខ្ញុំក៏បានគិតក្នុងចិត្តដែរថា “នេះហើយជាកន្លែងដែលស័ក្ដិសមនឹងខ្ញុំ”»។ ទាក់ទងនឹងរឿងថ្មីនេះវិញ លោកក៏បានប្រាប់ដែរថា ខ្លួនមានអារម្មណ៍ភ័យៗ បុកពោះបន្តិចដែរ ហើយអារម្មណ៍បែបនេះទោះបីឈានចូលអាយុប៉ុន្មានក៏ដោយ ក៏លោកនៅតែភ័យដែរ ក្នុងនាមជាតារាសម្ដែង។

ជាក់ស្ដែងរឿងថ្មីរបស់ Minho ដែលមានចំណងជើងថា «The King: Eternal Monarch» នឹងចាប់ផ្ដើមបញ្ចាំងជាផ្លូវការនៅថ្ងៃសុក្រ ទី ១៧ ខែមេសា នេះ វេលាម៉ោង ១០យប់ ម៉ោងនៅកូរ៉េ (ត្រូវនឹងម៉ោង៨យប់នៅកម្ពុជា)៕

ដកស្រង់ពី៖ Sabay