Social Network

ត្រឹម​១​ថ្ងៃ​សោះ! គ្រួសារ ព្រាប សុវត្ថិ និង​ឆាយ វីរៈយុទ្ធ ជួប​ទុក្ខ​ធំ​ដូច​គ្នា

កើតចាស់ ឈឺ ស្លាប់ជារឿងរបស់ធម្មជាតិគ្មាននរណាជៀសបានឡើយ ហើយនៅថ្ងៃទី ៥ ឧសភា ២០២០

កន្លងទៅថ្មីៗនេះ មានរឿងទុក្ខសោកជួនគ្នារវាងគ្រួសារតារាចម្រៀង ព្រាប សុវត្ថិ និងតារាចម្រៀង ឆាយ វីរៈយុទ្ធ បានជួបទុក្ខធំដោយបាត់បង់សាច់ញាតិម្នាក់ដូចគ្នា។ ក្រុមគ្រួសារលោក ព្រាប សុវត្ថិ ត្រូវបានគេដឹងថា បាន និងកំពុងរងទុក្ខក្រៀមក្រំដោយសារតែលោកយាយរបស់កំពូលតារាចម្រៀងបានទទួលអនិច្ចកម្មដោយសាររោគាពាធ និងជរាពាធ។ មិនទាន់មានព័ត៌មានពីឈ្មោះ និងអាយុឧបាសិកាដែលចែកឋាននៅឡើយ។

យ៉ាងណា ដំណឹងនេះ ត្រូវបានចែកចាយដោយផ្ទាល់ដោយកូនប្រុសរបស់តារាចម្រៀងហង្សមាសនៅលើបណ្ដាញសង្គមរបស់ពួកគេ ហើយភ្លាមៗ គេឃើញមានមិត្តភ័ក្តិ និងប្រិយមិត្តអ្នកគាំទ្រក្រុមគ្រួសារតារាចម្រៀងនេះជាច្រើនអ្នក បានចូលរួមផ្ញើសាររំលែកទុក្ខរៀងៗខ្លួនទៅក្រុមគ្រួសារសព ក្នុងនោះក៏ឃើញមានមិត្តរួមអាជីពជាមួយលោក ព្រាប សុវត្ថិ មួយចំនួនផង ក៏បានចូលមកចែករំលែកទុក្ខដែរ។ ងាកមកលោក ឆាយ វីរៈយុទ្ធ ក៏ដូចគ្នា ពោលគឺលោកក៏បានបាត់បង់លោកយាយម្នាក់ដែរ។

តារាប្រុសសាន់ដេ ថ្លែងប្រាប់អ្នកគាំទ្ររបស់ខ្លួននៅលើ IG របស់លោក។ លោកសរសេរថា "លោកយាយ បង្កើត របស់ខ្ញុំបាទឧបាសិកា វ៉ា បុប្ផា បានទទួលអនិច្ចកម្មក្នុងជន្មាយុ ( ១០៥ឆ្នាំ ) ថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៤: ៤២នាទី រសៀល"។

សពឧបាសិកា វ៉ា បុប្ផា ដែលជាជីដូនបង្កើតរបស់លោក ឆាយ វីរៈយុទ្ធ បានតម្កល់នៅគេហដ្ឋានឪពុក ម្តាយ នៅស្រុកកំណើតតារាចម្រៀងតែម្ដង ស្ថិតនៅក្នុងភូមិពោធិសាលា២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម៕

ដកស្រង់ពី៖ Sabay