Social Network

សេវាមើលក្មេងតាមអនឡាញ ស៊ីថ្លៃដល់ ៤៨ដុល្លារ ក្នុងមួយម៉ោង

ក្រោមឥទ្ធិពលនៃជំងឺកូវីដ១៩ ធ្វើឲ្យសេវាកម្មមើលក្មេងត្រូវផ្លាស់ប្ដូរ ជាពិសេសនៅសហរដ្ឋអាមេរិក។

នាពេលនេះគេអាចប្រើប្រាស់ FaceTime, Zoom និងសេវាកម្មវីដេអូខលដទៃទៀត ក្នុងការមើលថែក្មេង ដើម្បីបង្រៀន និងលេងជាមួយពួកគេ ទោះបីជាមិនបានជួបមុខផ្ទាល់ក្ដី។

អំឡុងពេលផ្ទុះជំងឺកូវីដ១៩ តម្រូវឲ្យមនុស្សទាំងអស់គ្នាស្ថិតនៅផ្ទះតាមដែលអាចធ្វើទៅបាន ហើយវាជាឱកាសដែលឪពុកម្ដាយអាចនៅផ្ទះជាមួយកូនៗបានច្រើនជាងមុន។ ប៉ុន្តែទោះយ៉ាងណាឪពុកម្ដាយនៅត្រូវបំពេញការងារក្រុមហ៊ុនពេលនៅផ្ទះ ដោយហេតុនេះទើបត្រូវការអ្នកមើលថែក្មេងដើម្បីមើលថែកូនៗរបស់ពួកគេ អំឡុងពេលដែលពួកគេបំពេញកិច្ចការងារ។

Elizabeth Harz នាយកប្រតិបត្តិ Sittercity ដែលជាវិបសាយភ្ជាប់ទំនាក់ទំនងឪពុកម្ដាយជាមួយអ្នកមើលថែក្មេង បាននិយាយថា ៖ "ប្រសិនបើឪពុកម្ដាយទាំងពីរ ត្រូវប្រជុំតាមរយៈ Zoom ក្នុងពេលតែមួយដែលមិនអាចឆ្លៀតពេលចេញបាននោះ នោះការប្រើសេវាកម្មមើលថែក្មេងតាមអនឡាញជាជម្រើសដ៏ល្អមួយ។

” ឧស្សាហកម្មមើលថែក្មេងនៅសហរដ្ឋអាមេរិក ឃើញថាមានកំណើនតម្រូវការ ៧០០% នៅចន្លោះពាក់កណ្ដាលខែមីនា ទៅពាក់កណ្ដាលខែមេសា។ នេះផ្អែកតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes។ វិបសាយដែលមានភ្ជាប់ទំនាក់ទំនងអាណាព្យាបាលជាមួយអ្នកមើលថែក្មេង មានដូចជា Babysitting Company, Care.com និង Minutes 4 Moms ជាដើម។

អ្នកមើលថែក្មេងលើវិបសាយទាំងអស់ អាចរកបានច្រើនបំផុតដល់ ៣៦ដុល្លារ សម្រាប់ការមើលថែតាមអនឡាញរយៈពេល ៤៥នាទី ដែល ១ម៉ោង គឺស្មើ ៤៨ដុល្លារ៕



ដកស្រង់ពី៖sabay