Social Network

ខកចិត្តស្ដូក ពេលឃើញតម្លៃ LG Velvet

LG បានបញ្ចេញចេញ LG Velvet ជាត្រកូលស្មាតហ្វូនថ្មី មានប្រើប្រាស់នូវរចនាបថកាមេរ៉ាដំណក់ទឹកភ្លៀង និង Symmetrical Ellipse ដែលជារចនាបថថ្មីមួយ។ រចនាបថកាមេរ៉ាតំណក់ទឹកភ្លៀងគឺសំដៅដល់ការតម្រៀបកាមេរ៉ានៅផ្នែកខាងក្រោយ ដែលមើលទៅដូចតំណក់ទឹក។

ចំណែក Symmetrical Ellipse គឺសំដៅដល់រាងមូលទ្រវែងរបស់ស្មាតហ្វូនត្រកូលថ្មីនេះ។ត្បិតថាគេមិនទាន់ដឹងថា LG Velvet នឹងដាក់លក់នៅទីផ្សារបរទេសនាពេលណា ប៉ុន្តែគេបានដឹងអំពីតម្លៃលក់ក្នុងស្រុក ជាតម្លៃដែលធ្វើឲ្យគេខកចិត្តបំផុតសម្រាប់ស្មាតហ្វូនដែលមិនជាមានលក្ខណៈសម្បត្តិខ្លាំងប៉ុន្មាននោះ។

នៅប្រទេសកូរ៉េខាងត្បូង LG Velvet មានតម្លៃ ៨៩៩ ៨០០ វ៉ុន ដែលស្មើប្រមាណ ៧៣៥ ដុល្លារ។ LG Velvet មានកាមេរ៉ា ៣ គ្រាប់ខាងក្រោយដែលមានកាមេរ៉ាមេទំហំ ៤៨MP, កាមេរ៉ា Ultra-Wide ទំហំ ៨MP និងកាមេរ៉ាវាស់ជម្រៅទំហំ ៥MP។ LG Velvet គឺមានគាំទ្រមុខងារមួយឈ្មោះថា Voice Out Focus ដែលអាចឲ្យអ្នកប្រើប្រាស់បំបាត់នូវសំឡេងរំខាននៃ Background ពេលថតវីដេអូបាន។

វាដំណើរការដោយបន្ទះឈីប Snapdragon 765 ដែលមានន័យថាមានគាំទ្រនូវសេវា 5G ហើយបន្ទះឈីបនេះមានមកជាមួយនូវបច្ចេកវិទ្យា Quick Charge 3+ ដែល Qualcomm ទើបបង្ហាញចេញថ្មីៗ អាចសាកថ្មពី ០% ដល់ ៥០% ក្នុងពេលត្រឹម ១៥នាទី។ វាមានបំពាក់ថ្មទំហំ ៤៣០០ mAh ហើយសម្រាប់អង្គផ្ទុកនិង RAM ក្រុមហ៊ុនមិនបានប្រាប់ឲ្យដឹងឡើយ។ ប៉ុន្តែការចេញផ្សាយកន្លងមកបានឲ្យដឹងថា LG Velvet នឹងមាន RAM ទំហំ ៨GB និងអង្គផ្ទុកទំហំ ១២៨GB អាចពង្រីកទំហំបានតាមមេមូរីកាត៕

ដកស្រង់ពី៖sabay