សមាជិកចុងក្រោយគេក្នុងត្រកូល Redmi K30 បានបង្ហាញមុខជាផ្លូវការគឺជាម៉ូដែល K30 5G Racing Edition។
វាគឺជាស្មាតហ្វូនដំបូងគេដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 768G ដែល Qualcomm ទើបប្រកាសចេញ។ បន្ទះឈីបថ្មីនេះគឺជាការកែសម្រួលចេញពី Snapdragon 765G ដែលមាន CPU និង GPU ដំណើរការលឿនជាងមុន។ K30 5G Racing Edition គឺមានបំពាក់នូវអេក្រង់ទំហំ ៦,៦៧អ៊ីញ អាចបង្ហាញរូបភាពកម្រិត FHD+ ដែកមានចោះរន្ធពីរសម្រាប់ដាក់កាមេរ៉ា Selfie ទំហំ ២០MP និងកាមេរ៉ាវាស់ជម្រៅ ២MP។ នៅផ្នែកខាងក្រោយមានបំពាក់កាមេរ៉ា ៣ គ្រាប់ ដែលកាមេរ៉ាមេទំហំ ៦៤MP, កាមេរ៉ា Ultra-Wide ទំហំ ៨MP និងកាមេរ៉ា Macro ទំហំ ៥MP។
ថ្មរបស់វាគឺមានទំហំ ៤៥០០ mAh ដែលគាំទ្រការសាកល្បឿនលឿន ៣០វ៉ាត់។ K30 5G Racing Edition គឺមានបើកទទួលការកុម្ម៉ង់ទិញហើយសម្រាប់ប្រទេសចិន ក្នុងតម្លៃប្រមាណ ២៨២ដុល្លារ សម្រាប់ RAM ទំហំ ៦GB និងអង្គផ្ទុក ១២៨GB។ ការលក់ជាផ្លូវការនឹងចាប់ផ្ដើមនាថ្ងៃទី ១៤ ខែឧសភា៕
ដកស្រង់ពី៖sabay