Social Network

មក​ដឹង​មូលហេតុ​ដែល​តារា​កំប្លែង ស្រី អយ មក​ទាន់ដង្ហើម​ចុង​ក្រោយ​លោក ឈិ​ន ឈាង​!

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ អតីតអ្នកចម្រៀង អាយ៉ៃ ស្មៀន ឈិន ឈាង បានលាចាកលោកទៅកាន់បរលោក ដោយបន្សល់តែពាក្យសោកស្តាយយ៉ាងខ្លាំង។

ដំណឹងនេះ ធ្វើអោយមហាជនគ្រប់ស្រទាប់មានការសោកសៅដែលបាត់បង់ធនធានសិល្បដ៏ឆ្នើម និងកម្ររូបនេះ។ នាគេហដ្ឋានលោកគ្រូកើតហេតុភ្លាមៗ គេស្រាប់តែឃើញវត្តមានអតីតតារាកំប្លែងនាងអយ បង្ហាញមុខ និងយំស្រែកអាឡោះអាឡ័យ។ តើមានការពាក់ព័ន្ធអ្វីខ្លះ? ដែល ស្រីអយ កើតមានជាមួយស្មៀន ឈិន ឈាង។

បើយើងចាំបានថា ស្រី អយ មុនហក់ចូលអាជីពកំប្លែងក៏មានប្រវត្តិខាងជំនាញបុរាណផ្នែក អាយ៉ៃ ចាប៉ីដងវែង ។ នាងធ្លាប់សិក្សាឆ្លងកាត់និស្សិត សាលាវិចិត្រសិល្បៈ កាលពីអតីតកាល។ ដោយសារការតាក់តែងកំណត់អោយងាកយកកំប្លែង ស្រីអយ ក៏បាត់ឱកាសច្បាមយកវិជ្ជា ដែលគ្រូចែកអោយ តែចិត្តបេះដូង គឺរមែងមិនភ្លេចប្រភពដើម។

ឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មានយើងតាម Message ហ្វេសប៊ុក កាលពីយប់ថ្ងៃ២៩ ឧសភា ស្រីអយ ដែលពេលនេះមានជីវិតថ្កុំថ្កើន សាងសុភមង្គលជាមួយស្វាមីមានឋានៈល្អ បានឱ្យដឹងថា «ដ្បិតតែនាងល្បីឈ្មោះ ជាតារាកំប្លែង តែនាងមិនដែលភ្លេចខ្លួនជាអ្នកអាយ៉ៃ ចាប៉ី ក្រោមការបង្រៀនពីលោកគ្រូៗដ៏ឆ្នើមទាំងអស់ឡើយ។

ផឹកទឹកមិនភ្លេចប្រភពដើម។ ស្រីអយ ដែលយំសោកស្តាយលោកគ្រូស្មៀន ឈាង បន្តថា នាងធ្លាប់រៀនអាយ៉ៃ ជំនាន់ទី១ តាំងពីនៅសាលាសិល្បៈ ជាប់ស្តាតចាស់ ២០០៣ ដល់២០០៤ ។ លោកគ្រូរូបនេះហើយ បង្រៀននាង រហូតបានប្រឡងជាប់ពានរង្វាន់។ ជំនាន់នោះ នាងរៀនជាមួយលោកគ្រូ ឈិន ឈាង, អ៊ុក សុផា, លោកគ្រូ សយ សារ៉េត, យស សាត, ទូច លាង និងលោកគ្រូយិន សារិន ដែលសុទ្ធតែជាលោកគ្រូធំៗ។

លោកគ្រូ ស្មៀន ឈាងបង្រៀននាងបានមួយឆ្នាំ ក៏ឈឺ តែអាចបំពេញការងារបាន។ យ៉ាងណា នៅពេលលោកគ្រូធ្ងន់ខ្លាំង នាងឆ្លៀតពេលមកសូរសុខទុក្ខ ដូចមកចំដង្ហើមចុង ក្រោយ ដោយនាងបានសួរនាំ ហើយច្របាច់ដៃជើង បញ្ចុកទឹកឃ្មុំ ហើយលោកគ្រូក៏បានទាញដៃនាងដាក់លើទ្រូងគាត់ ដូចគាត់ដឹងថា យើងជាសិស្សគាត់ (យំ)។ យ៉ាងណា លោកគ្រូបានទៅផុតហើយ តែនៅភរិយាគាត់ដែលមើលថែទាំគ្រួសារ និងកូនចៅ។

អ្វីដែលស្តាយបំផុតនោះ នាងបោះបង់សិល្បៈ អាយ៉ៃ ចាប៉ី ច្រើនឆ្នាំពេក ទើបមិនអាចបន្តវេនបាន ហើយសមត្ថភាពមានកម្រិត។ សង្ឃឹមថា មិត្តភក្តិជំនាន់ទី១ រួមគ្នាលើកស្ទួយ អាយ៉ៃ ចាប៉ី ហើយ ប្អូនៗជំនាន់ក្រោយ និងមានខ្លះមកហាត់រៀនអាយ៉ៃ ដើម្បីព្រលឹងជាតិយើង។

ដកស្រង់ពី៖ កោះសន្ដិភាព