Social Network

មកមើលរូបរាង Toyota Fortuner ឆ្នាំ២០២១ នៅខាងក្រៅបែបនេះ ទើបដឹងថាស្អាតខ្លាំង

ថ្មីៗនេះ ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្ត Fortuner ស៊េរីឆ្នាំ២០២១ នៅក្នុងប្រទេសថៃ ហើយវានឹងចេញលក់ជាផ្លូវការ នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះតែម្តង។

បើប្រៀបធៀបនឹងស៊េរីមុន Fortuner ថ្មីផ្តោតសំខាន់លើការអាប់ដេតរូបរាង និងម៉ាស៊ីន ខណៈកាប៊ីនខាងក្នុងមិនខុសគ្នាប៉ុន្មានឡើយ។ជាមួយគ្នានេះ Toyota ក៏បានបន្ថែមម៉ូដែលពិសេសមួយទៀត ហៅថា Fortuner Legender ផងដែរ។

អ្វីដែលបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់បំផុត គឺផ្នែកខាងមុខ ជាពិសេសនៅត្រង់ការឌីហ្សាញប៉ាណាថ្មី, កាងមុខ, ចង្កៀងមុខ, ចង្កៀងក្រោយ និងយ៉ាន់ថ្មីទំហំ ១៨អ៊ីញផងដែរ។រថយន្ត Fortuner Legender មានបំពាក់ម៉ាស៊ីនចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ២០១សេះ ខណៈដែល Fortuner ធម្មតាប្រើម៉ាស៊ីន ២,៤លីត្រ។

វាក៏មានបន្ថែមចំណុចថ្មីៗមួយចំនួន ដូចជា Toyota Safety Sense ដែលជាការបំពាក់លើកដំបូងសម្រាប់រថយន្ត SUV នេះ។ ក្រៅពីនោះ វាមានអេក្រង់សម្រាប់បង្ហាញរូបភាព ៣៦០ដឺក្រេ, មានកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និងគូថក្រោយដែលអាចបើកដោយប្រើកាយវិការយកជើងទាត់ ជាដើម។

Fortuner ស៊េរីថ្មីលក់នៅទីផ្សារប្រទេសថៃមានតម្លៃចាប់ពី ១,៤៥លានបាត ដែលស្មើប្រមាណ ៤៦ ០០០ដុល្លារ សម្រាប់ប្រភេទធម្មតា ហើយសម្រាប់ប្រភេទ Legender វិញគឺមានតម្លៃ ១,៨៣លានបាត ដែលស្មើប្រមាណ ៥៨ ១០០ដុល្លារ៕

ដកស្រង់ពី៖sabay