Social Network

ក្រោយ​ចាប់​ផ្ដើម​​អាជីព​ជា​តារា​ម៉ូដែល ឥឡូវ​ស្រី​ស្អាត សាទីនី ប៉ង​សម្រេច​គោលដៅ​មួយ​ទៀត​ឲ្យ​បាន

តារាម៉ូដែលជើងថ្មីមួយរូបដែលមានទាំងព្រម ពោលគឺវ័យក្មេង ស្រស់ស្អាត និងមានទេពកោសល្យសិល្បៈច្រើនទៀត។

ដូច្នេះហើយ ត្បិតថា ពេលនេះបានក្លាយជាតារាម៉ូដែលរបស់ Perfect 10 ហើយក្ដី ប៉ុន្តែ សាទីនី ប្រាប់ថា នាងនៅមានគោលបំណងស្រួចស្រាល់មួយទៀត។ សាទីនី ដែលមានឈ្មោះដើមថា ឈឹម រ៉ានី ត្រូវបានក្រុមម៉ូដែល Perfect 10 ជ្រើសរើសឲ្យចូលក្រុម ក្រោយពីបានឃើញទេពកោសល្យ និងអំណោយផលរបស់យុវតីរូបនេះ។

សាមីខ្លួន ប្រាប់ថា នាងរីករាយចំពោះឱកាសនេះ ត្បិតថា នាងចូលចិត្តសិល្បៈ និងព្យាយាមស្វែងរកឱកាសជាច្រើនដងមកហើយ។ រ៉ានី ថា នាងបានចូលរួម Casting ជាមួយក្រុមមួយចំនួន ប៉ុន្តែមិនបានលទ្ធផលល្អ ទីបំផុតនាងបានមកចូលរួមជាមួយក្រុមម៉ូដែលខាងលើដែលប្រមូលផ្ដុំដោយតារាម៉ូដែលវ័យក្មេង និងស្អាតចម្រុះជាតិសាសន៍។

សមិទ្ធផលនេះ សាមីខ្លួនបានឲ្យដឹងថា ជាការចាប់ផ្ដើមជីវិតសិល្បៈរបស់នាង ឆ្ពោះទៅរកគោលដៅមួយទៀតនោះ គឺតារាចម្រៀង។ "សិល្បៈខ្ញុំចូលចិត្ត គឺដើរម៉ូដ និងចម្រៀង...ដើរម៉ូដខ្ញុំមិនសូវមានបទពិសោធន៍ច្រើនទេឥឡូវ ដោយឡែកចម្រៀង គឺខ្ញុំចូលចិត្តតាំងពីតូច គឺខ្ញុំចូលចិត្តច្រៀងហ្នឹងខ្លាំងតែម្ដង ហើយរាល់ថ្ងៃ ខ្ញុំតែងតែច្រៀងលេងរហូតមកនៅផ្ទះ និងច្រៀងជាមួយមិត្តភ័ក្តិជាដើម"។

តារាម៉ូដែលវ័យក្មេង បញ្ជាក់ថា នេះជានិស្ស័យពីកំណើតរបស់នាង ដោយក្នុងសិល្បៈនេះ នាងអាចច្រៀងបានទាំងភាសាជាតិ និងភាសាអង់គ្លេស។ យ៉ាងណាក៏ដោយ ភាសាអង់គ្លេស នាងមានចំណូលចិត្តច្រៀងជាង ដោយពេលទំនេរនាងតែច្រៀងលេងរាល់ថ្ងៃ។ ទោះយ៉ាងណា នាងនៅតែឆ្លៀតច្រៀងចម្រៀងជាភាសាខ្មែរដែរ ក្នុងនោះតារាចម្រៀងក្នុងចិត្ត ដែលនាងតែស្ដាប់បទពួកគេរាល់ថ្ងៃ មាន ឱក សុគន្ធកញ្ញា ពេជ្រ សោភា និងមាស សុខសោភា។

តិ្បតថានាងមិនដែលចូលរួមប្រឡងប្រជែងក្នុងកម្មវិធីចម្រៀងណាមួយ ប៉ុន្តែ សាទីនី ឲ្យដឹងថា នាងដឹងខ្លួនឯងថាមានទេពកោសល្យលើផ្នែកនេះ និងជឿថាខ្លួនឯងអាចធ្វើបាន។ ដូច្នេះហើយ រ៉ានី ឬ សាទីនី បញ្ជាក់ថា នាងនឹងខំប្រឹងប្រើពេលដើម្បីដុះខាត់សមត្ថភាពរបស់ខ្លួនបន្ថែមទៀត អំឡុងពេលឥឡូវនាងចូលកាន់តែកៀកនឹងសិល្បការិនីអាជីពមួយរូបហើយ ហើយនាងនឹងស្វះស្វែងរកឱកាសក្លាយជាតារាចម្រៀងអាជីពមួយបន្ថែមទៀតឲ្យខាងតែបាន៕

ដកស្រង់ពី៖ Sabay