Social Network

អង្គភាពប្រឆំាង អំពើពុករលួយ បញ្ជូនខ្លួន អតីតអធិការនគរបាល ខណ្ឌមានជ័យ​ ទៅតុលាការ

ភ្នំពេញ៖ អង្គភាពប្រឆំាង អំពើពុករលួយ នៅវេលាម៉ោង ២រសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤នេះ បានបញ្ជូនខ្លួន អតីត អធិការនគរបាល ខណ្ឌមានជ័យ លោក ហ៊ី ណារិន ទៅសាលាដំបូង រាជធានី ភ្នំពេញ ដើម្បីសាកសួរ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា នៅពេលនេះ លោក ហ៊ី ណារិន ត្រូវបាន ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក អ៊ុំ សុភក្រ្ត បានធ្វើការសាកសួរ នៅជាន់ទី៣ នៃសាលាដំបូង រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ២០១៤ អង្គភាពប្រឆាំង អំពើពុករលួយ បានកោះហៅ នគរបាលខណ្ឌមានជ័យ ចំនួន៣រូប ទៅសាកសួរ ១-លោក ហ៊ី ណារិន អធិការនគរបាលខណ្ឌ ២-លោកស្រី ផាន ចាន់ថុល អនុផ្នែកសេនាធិការ និង៣-លោក ប៉ែន សុវាសនា នាយរងផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍ ខណ្ឌមានជ័យ ។

ចំពោះការសាកសួរមនុស្ស ទាំងបីរូបនេះ លោកប៉ែន សុវាសនា និង លោកស្រី ផាន ចាន់ថុល ត្រូវបានអង្គភាពប្រឆាំង អំពើពុករលួយ អនុញ្ញាតឱ្យមកកាន់ អង្គភាព ការងារ វិញ កាលពីល្ងាច ថ្ងៃខែឆ្នាំដដែល ដោយឡែក លោកហ៊ី ណារិន ត្រូវអង្គភាពឃាត់ ខ្លួនសួរនាំ បន្ដទៀតរហូត ដល់ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ អង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅ លោក តេង ស៊ីណូ អធិការរង នគរបាល ខណ្ឌច្បារអំពៅ អតីតជាអធិការ រងនគរបាល ខណ្ឌមានជ័យ ទៅសួរនាំដោយ មិនដឹងថា ពាក់ព័ន្ធជាមួយ សំណុំរឿងលោក ហ៊ី ណារិន ឬយ៉ាងណាទេ ។

ជាមួយគ្នានោះដែរ លោកឡាយ គឹមឈុន អតីតនគរបាលផ្នែកភ័ស្ដុភារ ខណ្ឌមានជ័យ ដែលបច្ចុប្បន្នជា នគរបាល ខណ្ឌច្បារអំពៅ ក៏ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ កោះហៅទៅសួរ នៅព្រឹកថ្ងៃទី១ តុលានេះដែរ ។ មិនទាន់មាន ដំណឹងថា លោកតេង ស៊ីណូ និងលោកឡាយ គឹមឈុន ត្រូវបានអនុញ្ញាត ឱ្យត្រឡប់មកកាន់ អង្គភាពវិញ ដូចលោក ប៉ែន សុវាសនា និងលោកស្រី ផាន ចាន់ថុល នោះឬយ៉ាងណាទេ ។

អង្គភាពប្រឆាំង អំពើពុករលួយ បានឲ្យដឹងថា ការឃាត់ខ្លួនឈ្មោះ ហ៊ី ណារិន អតីតអធិការ នៃអធិការដ្ឋាន នគរបាល ខណ្ឌ មានជ័យ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ដោយលោកហ៊ី ណារិន បានប្រព្រឹត្តល្មើសចំនួន៨ ករណីធំៗ មុននឹងឈាន ទៅធ្វើការឃាត់ខ្លួននេះ ។ បទល្មើសទាំងនោះរួមមាន ទី១.ការបើយកប្រាក់ខែ របស់មន្ត្រីនគរបាល ដែលអវត្តមានពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ និង មន្ត្រីនគរបាល ដែលអសកម្មពី ឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩។ ទី២. ការតម្រូវឲ្យប្រជាពលរដ្ឋ បង់លុយក្នុង ការធ្វើសៀវភៅ ស្នាក់នៅ (ក២) ១ក្បាលចំនួន៥០០០០ រៀល សៀវភៅគ្រួសារ ១ក្បាល៥០០០០រៀល  និងចុះឈ្មោះសមាជិក ថ្មីចំនួន២០០០០រៀល ក្នុងម្នាក់ៗ ទី៣.តម្រូវឲ្យមន្ត្រីក្រោម ឱវាទទិញអាវចំណាំង ផ្លាតនិងស្រោម កាំភ្លើងវែង។ ទី៤. ការកេង យកប្រាក់ឧបត្តម្ភ កម្លាំងហ្វឹកហាត់ ការពារបាតុកម្ម។ ទី៥.តម្រូវឲ្យ មេល្បែងស៊ីសង ម្ចាស់អាជីវកម្ម រោងចក្រ និងមន្ត្រីមួយ ចំនួនបង់ប្រាក់ ជារៀងរាល់ខែ។ ទី៦. ការទាមទារលុយពី ម្ចាស់ម៉ូតូ ដែលចាប់ទុក ដោយសារ គ្មានពន្ធ និងការលក់ម៉ូតូ ដែលម្ចាស់ មិនដោះស្រាយ។ ទី៧. ការប្រមូលលុយផាក ពិន័យ លើសកំណត់ពី ម្ចាស់ម៉ូតូ ដែលធ្វើចរាចរណ៍ គ្មានស្លាកលេខ កញ្ចក់ និងមួក និងទី៨.ការតម្រូវឲ្យ បង់លុយពីការ ដោះស្រាយវាទគ្រោះថ្នាក់ ចរាចរណ៍ចំនួន១០ ភាគរយ នៃថ្លៃសំណង ៕

ប្រភព៖ ដើមអម្ពិល