Social Network

បង​ស្ម័គ្រ​អូន​ស្មោះ​ មាន​ប្រឡោះ​ បង​​បញ្ចាំ​​ម៉ូតូ​អូន​​បាត់ នេះជាការលើកឡើង របស់យុវតីម្នាក់

ពិភពយុវវ័យ៖ “សង្សារ ខ្ញុំខ្ចីម៉ូតូ បាត់ពេញមួយថ្ងៃ ស្រាប់តែឭថា យកម៉ូតូទៅបញ្ចាំបាត់”។ នេះជាការលើកឡើង របស់កញ្ញា ណារ៉ា ដែលជាឈ្មោះហៅក្រៅ។ អ្នកទាំងពីរ មានទំនាក់ទំនងស្នេហា រយៈពេល ៣ឆ្នាំហើយ ហើយជិតដល់ ថ្ងៃចូលរោងទៀតផង ប៉ុន្តែនៅពេល កើតហេតុបែបនេះ ណារ៉ា ក៏បានផ្ដាច់ទំនាក់ទំនង តែម្ដងទៅ។

បងអើយ ខ្ញុំសំណាងណាស់ ដែលមិនទាន់ បានរៀបការ បើសិនជារៀបការវិញ មិនដឹងថា ខ្ញុំបែកទ្រូងយ៉ាងណាទេ?”។ ទាំងនេះជាពាក្យសម្ដី ដែលលើកឡើង ដោយកញ្ញាណារ៉ា ប្រាប់អ្នកយកព័ត៌មាន Sabay។

នាងរៀបរាប់បន្តថា៖ “ក្នុងអំឡុងពេលទំនាក់ទំនង ៣ឆ្នាំ ខ្ញុំស្មានចិត្តគាត់ មិនត្រូវទាល់តែសោះ។ គាត់ជាមនុស្សម្នាក់ ដែលមិនសូវនិយាយស្ដី ហើយក៏មិននិយម ចូលចិត្តផឹកស៊ីទៀត។ ដូច្នេះហើយ គ្រប់សកម្មភាពខ្ញុំ បានទុកចិត្តគាត់”។

ប៉ុន្តែថ្ងៃ មួយសង្សារខ្ញុំ បានមកកន្លែងខ្ញុំធ្វើការ ដោយប្រាប់ថា ម៉ូតូរបស់គាត់ត្រូវគេខ្ចី ហើយមកខ្ចីម៉ូតូខ្ញុំម៉ាក Wave ពណ៌ក្រហម ដើម្បីទៅចូលរួមជប់លៀង ជាមួយមិត្តភ័ក្ដិនៅតាខ្មៅ ខេត្តកណ្ដាល។ ខ្ញុំក៏បានហុច សោម៉ូតូឲ្យគាត់ ហើយគាត់ ក៏បានទៅបាត់ទៅ។

រហូតដល់ម៉ោង ៦ល្ងាចទៅហើយ គាត់ក៏មិនឃើញត្រឡប់ មកយកខ្ញុំចេញ ពីកន្លែង ធ្វើការតាមការសន្យា របស់គាត់ឡើយ។ ដោយទ្រាំមិនបាន ក៏ទូរសព្ទទៅសង្សារ ហើយគាត់ ក៏បានលើកទូរសព្ទ ដោយបាននិយាយថា៖ “បងសុំទោស ម៉ូតូអូនបញ្ចាំបាត់ហើយ ព្រោះបងចាញ់បាល់ ហើយជំពាក់លុយគេ ក៏ដាក់បញ្ចាំម៉ូតូ សងគេទៅ”។ គ្រាន់តែឭដូច្នេះ ខ្ញុំធ្លាក់ថ្លើមក្ដុក ដោយមិននឹកស្មានថា គាត់ហ៊ានធ្វើដល់ថ្នាក់នេះ។

មួយអាទិត្យក្រោយមកគាត់ ក៏បានលោះម៉ូតូមកឲ្យខ្ញុំវិញ នៅពេលនោះ ក៏ជាពេលដែលខ្ញុំសម្រេចចិត្ត ផ្ដាច់ទំនាក់ទំនង ជាមួយគាត់ បើទោះបីជា គាត់បានសុំទោស រួមទាំងអង្វរករ ជាច្រើនលើកច្រើនសារ ក៏ដោយ។ គាត់និយាយថា ៖”បងសុំទោស បងទើបតែលង់ម្ដងប៉ុណ្ណោះ ហើយសន្យាថា មិនមាន ជាលើកទី២នោះទេ ហើយបងសន្យាថា នឹងចូលស្ដីដណ្ដឹង អូនរៀបការ តាមប្រពៃណី”។

ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនអាចជឿលើ ការអង្វរករនោះ បានទៀតទេ ព្រោះទង្វើ របស់សង្សារខ្ញុំ បានធ្វើឲ្យខ្ញុំខ្មាសគេផង បាត់បង់ជំនឿចិត្ត លើគាត់ផង និងខ្លាចគាត់ ធ្វើបាបខ្ញុំលើសនេះ នៅពេលរៀបការហើយ។ តើការសម្រេចចិត្ត របស់ខ្ញុំនេះត្រូវទេ? តើជឿថា គាត់នឹងកែខ្លួនទេ ព្រោះគាត់ទើបមាន កំហុសលើកទី១? ទាំងនេះជាសំណួរ របស់ណារ៉ា៕

រូបតំណាង និងដកស្រង់ពី សប្បាយ