Social Network

មុខ​របរ​មិន​ធំ​ដុំ​ប៉ុន្មាន​ទេ តែ​ល្បី​ថា តារាសម្តែង សុផា លីនដា កំពុង​សម្ងំ​កើប​លុយ​សម្បើម

តារាម៉ូដែល សម្ដែង និងជាពិធីការិនី សុផា លីនដា ដែលបានស្ងប់ស្ងាត់ពីការងារសិល្បៈអស់មួយរយៈធំហើយនោះ ឥឡូវនេះ ទើបមានដំណឹងថា នាង និងគូដណ្ដឹង បាន និងកំពុងកាក់កបខ្លាំងលើមុខរបរលក់របស់ញុំាដែលមិនធំដុំមួយ។

តាមមិត្តសិល្បៈដែលជិតស្និទ្ធនឹងអ្នកនាងបានបង្ហើបថា ការបាត់មុខពីសិល្បៈរបស់តារាស្រីថា មួយរយៈកន្លងមកនេះ នាងកំពុងមមាញឹកក្នុងមុខជំនួញជាច្រើន ជាពិសេសជោគជ័យយ៉ាងខ្លាំង ដោយកំពុងកើបលុយពីអាជីវកម្មម្ហូបអាហារបែបថ្មីមួយឈ្មោះហាង "ខ្ទះពុះ"។

ហាងនេះ មានទីតាំងនៅម្តុំសាលាវ៉ាន់ដារ ហើយតាមដំណឹង ហាងរបស់តារាស្រី មួយថ្ងៃៗ មានអ្នកចូលញុំាច្រើន ស្ទើតែគ្មានកន្លែងអង្គុយទេជារៀងរាល់ថ្ងៃ។ បែបដូច្នេះហើយ គេជឿថា លីនដា កើបលុយជាមួយជំនួញថ្មីនេះ រាប់រយដុល្លារក្នុង១ថ្ងៃៗ។ ក៏ដូចគ្នាដែរ នេះក៏ជាហេតុធ្វើឲ្យនាង មិនចាំបាច់អើពើនឹងការងារសិល្បៈតទៅទៀត រហូតដល់មានការសង្ស័យថា តារាម៉ូដែលខ្ពស់ស្រឡះរូបនេះ ទំនងជាបញ្ចប់អាជីពសិល្បៈទាំងស្រុងទៅហើយក៏មិនដឹង។

ជុំវិញបញ្ហានេះ សាមីខ្លួន នៅមិនទាន់អាចភ្ជាប់ទំនាក់ទំនងដើម្បីសុំការបញ្ជាក់បាននៅឡើយ។ ប៉ុន្តែប្រភពខាងលើដដែលបញ្ជាក់ថា លីនដា មិនបានបោះបង់សិល្បៈចោលនោះដែរ តែអ្នកនាង គ្រាន់តែផ្អាកសិនប៉ុណ្ណោះ ព្រោះដូចឃើញស្រាប់ នាងកំពុងរវល់នឹងជំនួញដែលកំពុងមានផ្លែផ្កាល្អ។

ម្យ៉ាងនាង ក៏ចង់ពង្រឹងវាអោយកាន់តែរឹងមាំបន្ថែមទៀត។ បច្ចុប្បន្ន មានដំណឹងថា សុផា លីដា កំពុងតែប្រមែប្រមូលទុនបន្ថែមទៀតដើម្បីពង្រីកសាខាថ្មីហាង "ខ្ទះពុះ"។ ដូច្នេះហើយ ទើបនាងមិនទាន់អាចងាកមកការងារសិល្បៈបានភ្លាមៗ។

សុផា លីនដា បានភ្ជាប់ពាក្យតាមប្រពៃណីជាមួយបុរសសង្ហារវ័យប្រហែល៣០ឆ្នាំម្នាក់ ឈ្មោះកាំង បុណ្ណា ហើយក៏ត្រៀមចូលរោងការផងដែរ។ ក្រោយភ្ជាប់ពាក្យពួកគេ បានចាប់ដៃគ្នា បើកភោជនីយដ្ឋានឈ្មោះ “ខ្ទះពុះ” ខាងលើ។ ការចាប់អាជីវកម្មមួយនេះ ដោយសារតែគូដណ្តឹងរបស់នាង គឺ លោក កាន់ ប៊ុណ្ណា ត្រូវគេស្គាល់ថាជាអ្នកជំនាញផ្នែកនេះ ក្រោយពីបានទៅរស់នៅ និងបន្តការសិក្សាឯរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកតាំងពី កុមារភាពមក។

ក្រោយពីបានត្រឡប់មកប្រទេសកំណើតវិញ លោកដែលបានជួបប្រសព្វជាមួយតារាស្រី ក៏ដាក់ទុនរកស៊ីរួមគ្នានៅទឹក ដីកំណើតកាលពីជាង២ឆ្នាំមុនតែម្ដង។ តាមដំណឹងលោក កាំង ប៊ុណ្ណា មានបទពិសោធលើ អាជីវកម្មភោជនីយដ្ឋានក្នុងចំណោមមុខរបរជាច្រើនទៀតជាច្រើនឆ្នាំ ៕

ដកស្រង់ពី៖Sabay