Social Network

​មែនទែនទៅ អ្នករកស៊ីដែលពឹងលើប៊ូស Facebook អាចជួបបញ្ហាចាប់ពីឆ្នាំក្រោយ

Facebook បានប្រើប្រាស់ការផ្សព្វផ្សាយពាណិជ្ជកម្មលើកាសែតល្បីៗជាច្រើននៅសហរដ្ឋអាមេរិក ដើម្បីរិះគន់លើគោលការណ៍ថ្មីរបស់ Apple ដែលផ្ដល់សិទ្ធឲ្យអ្នកប្រើប្រាស់ iPhone និង iPad ជ្រើសរើសថាគួរឲ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្មតាមដានពួកគេឬអត់។

ក្នុងពាណិជ្ជកម្មលើកាសែត Facebook បានអះអាងថាខ្លួននឹងតតាំងជាមួយ Apple សម្រាប់អាជីវកម្មតូចៗគ្រប់កន្លែង។ ប្រសិនបើគោលការណ៍របស់ Apple បន្តតាមផែនការ អាជីវកម្មតូចៗនឹងមិនអាចស្វែងរកអតិថិជនបានចំគោលដៅតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម។

បើដូចនេះមែន ស្ថានភាពសេដ្ឋកិច្ចរបស់អាជីវកម្មតូចៗនឹងធ្លាក់ចុះ ស្របពេលដែលពួកគេកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដោយសារជំងឺកូវីដ១៩។

Facebook បានបកស្រាយថា ការតាមដាន (Tracking) គឺសំដៅលើការតាមដានសកម្មភាព និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ដើម្បីដឹងពីអ្នកប្រើប្រាស់ឲ្យច្បាស់ ដើម្បីអាចផ្សព្វផ្សាយនូវពាណិជ្ជកម្មឲ្យត្រូវនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើផ្ទាល់ ដែលធ្វើឲ្យការផ្សព្វផ្សាយមានប្រសិទ្ធភាពខ្ពស់។

Apple ធ្លាប់បានប្រកាសកាលពីខែមិថុនា ថានឹងអនុវត្តន៍គោលការណ៍ថ្មីជាមួយនឹងការដាក់ដំណើរការ iOS 14 ជាផ្លូវការ។ ប៉ុន្តែក្នុងខែកញ្ញា Apple បានសម្រេចពន្យារពេលទៅកាន់ឆ្នាំក្រោយវិញ ក្រោយមានការរិះគន់ពី Facebook។ គិតត្រឹមពេលនេះ Apple នៅតែមានគម្រោងការធ្វើតាមផែនការកំណត់របស់ខ្លួនដដែល៕

ដកស្រង់ពី៖sabay