Social Network

ចៅស្រី​អធិរាជ​សំឡេងមាស ស៊ី​ន ស៊ី​សា​មុត សម្រេចចិត្ត​ចូល​វិស័យ​សិល្បៈ​​

រាជធានីភ្នំពេញ ៖ កញ្ញាស៊ីន សេដ្ឋសុជ្ឈតា វ័យ២៧ឆ្នាំ មានដើមកំណើតនិងធំដឹងក្ដីនៅរាជធានីភ្នំពេញ ហើយនិងជាចៅស្រីម្នាក់ របស់អធិរាជសំឡេងមាស ស៊ីនស៊ីសាមុត នឹងចេញបទចម្រៀងនិពន្ធថ្មី នៅពេលឆាប់នេះ។

គួរបញ្ជាក់ផងដែរ អធិរាជសំឡេងមាស ស៊ីន ស៊ីនសាមុត បាននិពន្ធបទចម្រៀងរាប់ពាន់បទ ចាប់ពីដើមទសវត្សឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៧០ ហើយលោកបានបាត់ខ្លូនក្នុងសម័យប៉ុល ពត កំឡុងពេលឆ្នាំ១៩៧៥ ដល់១៩៧៩។ ប្រជាជនខ្មែរ និងអ្នកស្រលាញ់ស្នាដៃតន្ត្រីរបស់លោកទូទាំងពិភពលោក ពួកគេតែងតែមានអារម្មណ៍ស្រលាញ់ដក់ជាប់ក្នុងចិត្តលើចម្រៀងរបស់លោកមកដល់សព្វថ្ងៃនេះ។

សុជ្ឈតាធំដឹងក្ដីនៅក្នុងបរិយាកាសតន្ត្រីមួយ ដោយសារលោកឪពុករបស់នាង គឺលោកស៊ីន ច័ន្ទឆាយា ដែលជាសិល្បៈករមួយរូបធ្លាប់សម្ដែងនៅតាមភោជនីយដ្ឋាននានា និងនៅតាមរង្គសាលមួយចំនួន នៅកំឡុងទសវត្សឆ្នាំ៩០ និងដើមទសវត្សឆ្នាំ២០០០។

សុជ្ឈតាតែងតែទៅតាមលោកឪពុករបស់ខ្លួនគ្រប់កន្លែង ក្នុងនោះ មានកន្លែង សម្ដែងសិល្បៈចម្រៀងនានាផងដែរ។ នៅឆ្នាំ២០០៦ លោកឪពុករបស់សុជ្ឈតា បានបង្កើតសមាគមន៍ សុីន សុីសាមុត ដែលមានបេសកកម្ម ដើម្បីអភិរក្សកេរ្តិ៍ដំណែល និងស្នាដៃតន្ត្រីរបស់អធិរាជសម្លេងមាសស៊ី ស៊ីសាមុត។

តាមរយៈសមាគមន៍នេះ លោកស៊ីន ចន្ទឆាយា បានបង្រៀនតន្ត្រី ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយពេលនោះដែរ សុជ្ឈតាគឺជាកូនសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងអស់ ទោះបីជានាងមានទេពកោសល្យពីធម្មជាតិនៃការច្រៀង និងនិពន្ធចម្រៀងពីកំណើតហើយក្ដី។ សុជ្ឈតា ដឹងថា ជីវិតនៃអ្នកសិល្បៈមិនមែនជារឿងងាយស្រួលនោះទេ។ ដំបូងឡើយរូបនាងមានចិត្តស្ទាក់ស្ទើរក្នុងការចូលវិស័យតន្ត្រីដោយមើលឃើញឧបសគ្គដែលឪពុកនាងបានជួបប្រទះ។

តែទោះជាយ៉ាងណា បន្ទាប់ពីការបាត់បង់ជិវិតរបស់ឪពុកនាង និងបន្ទាប់មក បងប្រុសបង្កើតរបស់នាងលោកស៊ីន សេដ្ឋកុល ដែលក៏ជាអ្នកសិល្បៈចម្រៀងម្នាក់ដែរនោះ សុជ្ឈតា យល់ថានាងត្រូវតែបន្តកេរ្តិ៍ដំណែលគ្រួសាររបស់នាង ហើយក៏សម្រេចចិត្ត ចូលវិស័យសិល្បៈ។

ដោយគិតគូរអំពីជីវិតរបស់នាងតាំងពីវ័យកុមារដល់ពេញវ័យ សុជ្ឈតា យល់ថា «រឿងរ៉ាវក្នុងជិវិតខ្លះៗដែលខ្ញុំបានជួបប្រទះរួម ទាំងការលាចាកលោករបស់ប៉ា ជារឿងមួយ ដែលបានដាស់តឿនស្មារតីខ្ញុំ ។ វាជាពេលដែលខ្ញុំចាប់ផ្ដើមដឹងខ្លួនថាខ្ញុំត្រូវតែក្រោកឈរ ធ្វើអ្វីមួយសម្រាប់ខ្លួនឯង ពេលនោះ ប៉ាលែង នៅក្បែរខ្ញុំចាំជួយអោយយោបល់អីទៀតហើយ។

អញ្ចឹងខ្ញុំត្រូវតែសម្លឹងទៅមុខ និង ធ្វើអ្វីមួយដែលប៉ាប្រហែលជាមានមោទ ភាព»។ បន្ទាប់ពីច្រៀងបទ «ចំប៉ាបាត់ដំបង» ដាក់ក្នុងខ្សែភាពយន្តរឿងតន្ត្រីជីវិតដែលដឹកនាំសម្ដែងដោយខ្មែរ អាមេរិកកាំង អ្នកស្រី Caylee So និងលោក សុខ វិសាល បន្ទាប់មកទៀតសុជ្ឈតាបានក្លាយជាសិល្បៈករម្នាក់ដែលចូលធ្វើការជាមួយ ផលិតកម្មតន្ត្រី ក្លាបយ៉ាហែន (KlapYaHandz)។ ជាស្ថាបនិកនិងផលិតករប្រតិបត្តិលោកសុខ វិសាល មានប្រសាសន៍ថា «ខ្ញុំមិនច្បាស់ថាគាត់មានសំណាងក្នុងនាមជាចៅស្រីលោកតាសុីន ស៊ីសាមុត នោះទេប៉ុន្តែ ខ្ញុំគិតថានាងមានសំណាងដែលមានទេពកោសល្យខាងសិល្បៈ។

វាជារឿងមួយដែលគួរអោយស្ដាយបើនាងមិនប្រើវានិងចែករំលែកទេពកោសល្យនេះជាមួយពិភពលោកទាំងមូល។ ទោះបីជានាងជួបឧបសគ្គក្ដី សុជ្ឈតា មានរបៀប ពិសេសមួយក្នុងការដោះស្រាយ បញ្ហាជិវិត។ នាងជាមនុស្សគួរអោយចូលចិត្តម្នាក់ជាពិសេសនាងមានអ្វីៗទាំងអស់ក្នុងនាមជាសិល្បៈករ ដ៏ជោគជ័យមួយរូប» ។

កញ្ញាស៊ីន សេដ្ឋសុជ្ឈតា មិនចង់រស់នៅក្រោមស្រមោលនៃ កេរ្តិ៍ដំណែលរបស់ជីតាខ្លួននោះទេ ផ្ទុយទៅវិញ នាងចង់អោយទស្សនិកជនស្គាល់នាង គឺជាខ្លួននាង ហើយនាងរីករាយចែករំលែកបទពិសោធន៍ជិវិតតាមរយៈបទចម្រៀង ទៅកាន់ទស្សនិកជន ទាំំងអស់។ «ទទួលស្គាល់ការពិត» គឺជាចម្រៀងលើកដំបូងក្នុងចំណោមចម្រៀងទាំងបីបទដែលនឹងចេញផ្សាយនៅពេលឆាប់ៗនេះ ៕

ដកស្រង់ពី៖ Sabay