Social Network

ធ្លាយ​រូប​បើក lamborghini ក្រហម​ឆេះ​ទៅ​ចាក់​សាំង​ថ្ងៃ​មុន ដឹង​ថា​ឧកញ៉ា ឡេង ណាវ៉ាត្រា មាន​រថយន្ត​នេះ​ប៉ុន្មាន​គ្រឿង​ទេ?

ត្បិតថា គេដឹងថាមានរថយន្តប្រណិតៗច្រើនគ្រឿង សម្រាប់ធ្វើដំណើរទៅទីជិតឆ្ងាយ ប៉ុន្តែ ឧកញ៉ា ឡេង ណាវ៉ាត្រា មិនសូវបើកបង្ហាញពីរឿងនេះទេ

ប៉ុន្តែកាលពីចុងឆ្នាំ ២០២០ កន្លងទៅ មានការលេចរូបលោកឧកញ៉ា បើករថយន្តប្រណិត lamborghini ក្រហមឆេះមួយគ្រឿងទៅចាក់សាំងដោយខ្លួនឯង ធ្វើឲ្យមានការចាប់អារម្មណ៍។

នេះជាទិដ្ឋភាពយ៉ាងកម្រ ដែលប្រិយមិត្តអាចឃើញ ឧកញ៉ាល្បីឈ្មោះខាងជួយឧបត្ថម្ភរាជរដ្ឋាភិបាល បើករថយន្តដោយខ្លួនឯងទៅចាក់សាំងនៅទីសាធារណៈ និងរឹតតែពិសេសសម្រាប់រថយន្តលំដាប់អភិជន lamborghini នេះ ដែលតាមដំណឹងឧកញ៉ាវ័យក្មេងរូបនេះ ទើបតែទិញជិះបានប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនលេចចេញរូបភាពខាងលើ។ គេមិនទាន់ដឹងនៅឡើយពីឆ្នាំផលិតរបស់រថយន្តមួយនេះ ហើយចំពោះ តម្លៃផ្លូវការក៏មិនទាន់មានការទម្លាយឲ្យដឹងនៅឡើយដែរ ខណៈឧកញ៉ា ឡេង ណាវ៉ាត្រា មិនទាន់អាចភ្ជាប់ទំនាក់ទំនងសុំការអធិប្បាយបាន។

យ៉ាងនេះក្ដី គេដឹងថា រថយន្តប្រភេទនេះ គឺមានតម្លៃកប់សម្បើមណាស់នៅលើទីផ្សារ និងពេញនិយមសម្រាប់បុគ្គលលំដាប់សេដ្ឋីវ័យក្មេងបំផុត។ ដូច្នេះហើយ ទើបមានតែលំដាប់អភិជនប៉ុណ្ណោះ ទើបមានលទ្ធភាពទិញជិះ ព្រោះក្នុងនោះ បើតាមអ្នកជំនាញខាងរថយន្តបង្ហើបពីតម្លៃមិនផ្លូវការមួយថា lamborghini មួយគ្រឿងស៊េរីឆ្នាំ ២០២០ មានតម្លៃប្រមាណ ចាប់ពីជាង ៥០ម៉ឺនដុល្លារអាមេរិកឡើងទៅឯណោះ សម្រាប់ទីផ្សារក្នុងស្រុក។

ត្បិតថា តម្លៃខ្ពស់កប់ពពកបែបនេះក្ដី ប៉ុន្តែមានប្រភពមួយលួចបង្ហើបទៀតថា ឧកញ៉ាដែលជាកូនអ្នកព្រៃវែងរូបនេះ មានរថយន្តប្រភេទនេះ ដល់ទៅ៣គ្រឿងឯណោះ គិតត្រឹមបច្ចុប្បន្ន។ នេះមិនទាន់គិតពីរថយន្តម៉ាកផ្សេងៗទៀតដែលឧកញ៉ាមានប្រើប្រាស់រាល់ថ្ងៃផង។ តាមប្រភព រថយន្ត lamborghini ទាំង៣គ្រឿង ដែលឧកញ៉ា ឡេង ណាវ៉ាត្រា មាននេះ មានពណ៌ខុសៗគ្នា ទី១ ពណ៌ក្រហមខាងលើ ទី២ពណ៌ លឿង និងទី៣ គឺពណ៌ខ្មៅ។

ដោយឡែកតម្លៃ ក៏ខុសៗគ្នាដែរ ប៉ុន្តែប្រភពមិនបានលម្អិតលើរឿងនេះទេ ដោយសារថា រូបគេក៏មិនច្បាស់លើរឿងនេះដែរ។ ក្រៅពីរថយន្តប្រណិត lamborghini ឧកញ៉ា ឡេង ណាវ៉ាត្រា គេដឹងថា មានរថយន្តទំនើបៗជាច្រើនទៀតដូចជា Lexus, Porsche, Alphard, និង Mclarence ជាដើម៕

ដកស្រង់ពី៖ Sabay