Social Network

ឡានអគ្គិសនី Hyundai សាកភ្លើង៥នាទី ជិះបាន ១០០គីឡូម៉ែត្រ

Hyundai Ioniq 5 គឺជារថយន្តអគ្គិសនីថ្មីរបស់ Hyundai ដែលទើបបានបង្ហាញវត្តមានកាលពីសប្ដាហ៍កន្លងទៅ ហើយរថយន្តនេះកំពុងតែទទួលបានចាប់អារម្មណ៍ខ្លាំងនៅអឺរ៉ុប ដោយមានអតិថិជនប្រមាណ ២៣ម៉ឺននាក់ បានសាកសួរព័ត៌មានអំពីរថយន្តនេះ។

សមត្ថភាពសាកថ្មរបស់ Hyundai Ioniq 5 នេះគឺជាចំណុចលេចធ្លោបំផុតមួយ ដោយតាមរយៈសមត្ថភាពសាកថ្មកម្លាំង ៨០០វ៉ុល របស់វា នៅពេលដែលដោតចូលទៅដុំសាកកម្លាំង ៣៥០kW អាចឲ្យរថយន្តនេះសាកភ្លើងពី ៥% ឡើងដល់ ៨០% ដោយប្រើពេលត្រឹម ១៨នាទី ហើយសាក ៥នាទី អាចជិះបានចម្ងាយ ១០០គីឡូម៉ែត្រ។

រថយន្ត Hyundai Ioniq 5 នេះនឹងមានជម្រើសអាគុយពីរទំហំគឺ ៥៨kWh និង ៧២,៦kWh និងមាន Option ប្រើប្រាស់ម៉ូទ័រអគ្គិសនីភ្លោះផងដែរ។

Ioniq 5 ប្រភេទដែលមានកម្លាំងខ្លាំងជាងគេនឹងអាចផលិតកម្លាំងបាន ៣០២សេះ ហើយស្ទុះពី ០ – ១០០គ.ម/ម៉ ដោយប្រើពេលតែ ៥,២វិនាទី។

សម្រាប់ប្រភេទប្រើម៉ូទ័រអគ្គិសនីតែមួយ និងមានអាគុយទំហំ ៧២,៦kWh អាចផ្ដល់ចម្ងាយបើកបរឆ្ងាយជាងគេដោយសាកភ្លើងមួយពេញអាចជិះបានចម្ងាយពី ៤៧០ ទៅ ៤៨០ គីឡូម៉ែត្រ។

គួរដឹងថារថយន្ត Hyundai Ioniq 5 នឹងចេញលក់មុនគេនៅលើទីផ្សារអឺរ៉ុប ដោយបញ្ចេញលក់ចាប់ពីពាក់កណ្ដាលឆ្នាំ ២០២១ នេះ ខណៈដែលតម្លៃលក់មិនទាន់មានការបង្ហើបឲ្យដឹងនៅឡើយទេ៕

ដកស្រង់ពី៖sabay