Social Network

ក្រោយ​ឆ្លង​ផុត​លើក​ទី១ ទី​២ ព្រឹក​នេះ Tho Meet ​ចេញ​លទ្ធផល​លើក​ទី​៣ហើយ!

អ្នកនិពន្ធបទចម្រៀងប្រចាំផលិតកម្មហង្សមាស Tho Meet ក្រោយពីផុត២តំណាក់កាលបន្តបន្ទាប់នៃការធ្វើតេស្តរកមេរោគកូវីដ១៩ ឥឡូវព្រឹកនេះ លោកបានទទួលលទ្ធផលតេស្តលើកទី៣ហើយ។

Tho Meet បានប្រកាសរឿងនេះនៅលើបណ្ដាញសង្គមអម្បាញ់មិញនេះ ថាលទ្ធផលធ្វើតេស្តលើកទី៣ របស់លោក គឺអវិជ្ជមាន ពោលគឺលោកមិនមានវិជ្ជមានកូវីដ១៩ទេ។ អ្នកនិពន្ធ បានចូលទៅធ្វើតេស្តលើកទី១នៅថ្ងៃទី ១០ មីនា លទ្ធផលអវិជ្ជមាន។

លើកទី២ថ្ងៃទី ២០មីនា លទ្ធផលអវិជ្ជមាន និងលើកទី៣នៅថ្ងៃទី ២៧ មីនា ២០២១ ហើយលទ្ធផល គឺអវិជ្ជមានដូចគ្នា។ នេះបើតាមអ្នកនិពន្ធសរសេរប្រាប់ប្រិយមិត្តលើបណ្ដាញសង្គមព្រឹកនេះ។ ប្រិយមិត្តជាច្រើនបានចូលទៅសរសេរសារអបអរ Tho Meet ស្របពេលដែលសាមីខ្លួន ក៏ត្រេកអរដូចគ្នា។ "បានធូរចិត្តហើយបង មួយរយៈកន្លងមកនេះ ពិតជាតឹងចិត្តនៅមិនស្ងៀមចិត្តមិនស្ងប់ គិតគ្រប់រឿង ឥឡូវអស់អីហើយ រីករាយធូរចិត្តណាស់!”។ នៅក្នុងអំឡុងពេលតាមដានខ្លួនឯង Tho Meet បានទទួលលាភសំណាងមួយ នោះភរិយារបស់លោកបានប្រសូតបានបុត្រីម្នាក់ឈ្មោះ វិចិត្រ ស៊ូអុីន ថ្ងៃអាទិ្យទី ១៤ ត្រូវនឹងថ្ងៃ ១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានចូលទៅធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី១រួច។

គិតត្រឹមបច្ចុប្បន្ន Tho Meet ជាមួយនឹងភរិយាដ៏ស្រស់ស្អាត មានបុត្រជាចំណងដៃចំនួន ៣នាក់ហើយ ដោយកូនទី១ និងកូនទី២សុទ្ធជាកូនប្រុស។ ដូច្នេះហើយ ពួកលោកពិតជាចង់បានកូនស្រីខ្លាំង ហើយឥឡូវនេះបានដូចបំណងហើយ ហើយ លោកថា កំណើតកូនទី៣របស់លោក គឺដូចបានមកកាត់គ្រោះរបស់លោក ដែលមានការប្រឈមខ្លាំងនឹងមេរោគកាចសាហាវ ដោយសារតែលោកបានមានទំនាក់ទំនងដោយផ្ទាល់ជាមួយ សុគន្ធ និសា ដែលរកឃើញវិជ្ជមានកាលពីដើមខែ។

លោក ថ្លែងថា “សំណាងណាស់បងអើយ បើសិនវិជ្ជមាន ម្ល៉េះត្រូវគេយកទៅព្យាបាលបាត់ហើយ មិនបានមើល កំដរប្រពន្ធទើបឆ្លងទន្លេ មិនបានឃើញមុខកូនកើតទេ!”៕

ដកស្រង់ពី៖ Sabay