Social Network

ឡាន Hybrid ឆ្នាំ២០២២ ថ្មីរបស់ Lexus ជិះ១០០គ.ម ស៊ីសាំងតែ៤លីត្រ

ក្រុមហ៊ុន Lexus ទើបតែបានប្រកាសចេញនូវរថយន្ត ES ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដែលវាទទួលបានការឌីហ្សាញថ្មីមួយចំនួន ជាពិសេសគឺបានបំពាក់ប៉ាណាមុខថ្មី និងចង្កៀងមុខ LED ថ្មីផងដែរ។

រថយន្ត Lexus ES ឆ្នាំ២០២២ នឹងផ្តល់ជម្រើស ២ ម៉ូដែល គឺ ES 300h F Sport និង ES 350 F Sport។ ម៉ូដែល ES 300h F Sport បំពាក់ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំងសរុប ២១៥សេះ ប្រើប៉ុងមួយវិលកង់មុខ ហើយមានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ ៤,៨លីត្រ/១០០គីឡូម៉ែត្រ។

ចំណែកឯម៉ូដែល ES 350 F Sport បំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០២សេះ ប្រើប៉ុងមួយវិលកង់មុខដូចគ្នា។

រថយន្ត Lexus ES ថ្មីនេះនឹងមានបំពាក់អេក្រង់កម្សាន្តថ្មីដល់ទំហំ ១២,៣អ៊ីញ ព្រមទាំងប្រើប្រព័ន្ធជើងក្រោមថ្មី ដែលផ្តល់នូវភាពរឹងមាំ, ជួយឲ្យការបើកបរកាន់តែមានផាសុកភាព និងទប់លំនឹងបានល្អជាងមុន។ ជាមួយគ្នានេះដែរ វាក៏បានអាប់ដេតទៅលើប្រព័ន្ធហ្វ្រាំង ដែលផ្តល់នូវទំនុកចិត្តថែមមួយកម្រិតទៀតផងដែរ។

លើសពីនេះទៅទៀត រថយន្ត Lexus ES ឆ្នាំ២០២២ នឹងបំពាក់ប្រព័ន្ធ Lexus Safety System+ 2.5 មកស្តង់ដារ ដោយក្នុងនោះរួមមានសុវត្ថិភាពជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lexus មិនទាន់បានប្រកាសពីតម្លៃរបស់វាឡើយ ប៉ុន្តែវានឹងចេញលក់នាប៉ុន្មានខែខាងមុខទៀតនេះ៕

ដកស្រង់ពី៖sabay