Social Network

ថ្ងៃ​នេះ អ្នក​សិល្បៈ​នៅ​ហង្ស​មាស​២​នាក់ និយាយ​យ៉ាង​ចម្លែក​ទាក់ទង​នឹង​កូវីដ-១៩

សិល្បករ-សិល្បការិនីរបស់ផលិតកម្មរស្មីហង្សមាស ត្រូវបានគេរកឃើញមុនគេក្នុងចង្កោមសិល្បៈដែលបានឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កាលពីដើមខែមីនា ឆ្នាំ២០២១។

ក្នុងចំណោមតារាចម្រៀង ពិធីការិនី និងបុគ្គលិកហង្សមាសជាច្រើននាក់ ក៏មានអ្នកដឹកនាំលោក អេកូ វ៉ាក់សង និងតារាចម្រៀងស្រី សួស វីហ្សា ដែរ។ នៅថ្ងៃទី២០ ខែមេសា នេះ លោក អេកូ វ៉ាក់សង និងអ្នកនាង សួស វីហ្សា បាននិយាយរឿងដែលស្ទើរនឹកស្មានមិនដល់ស្រដៀងគ្នាទាក់ទងនឹងជំងឺកូវីដ-១៩ ដែលខ្លួនធ្លាប់ឆ្លងកាត់តាមបណ្ដាញសង្គមFacebook។

ក្នុងថ្ងៃពិសេសរបស់ខ្លួន គឺជាថ្ងៃខួបកំណើតដែលតារាចម្រៀងសួស វីហ្សា តែងតែធ្វើ ប៉ុន្ដែឆ្នាំនេះនាងបែរជារស់នៅបែកគ្រួសារ និងមិនបានធ្វើខួបដោយសាររូបនាងនៅបន្ដធ្វើចត្ដាឡីស័ក បន្ទាប់ពីព្យាបាលជាសះស្បើយនោះ បាននិយាយថា៖"ឆ្នាំនេះ បើទោះបីជាខ្ញុំមិនអាចជួបប្ដី កូន ក្រុមគ្រួសារ បានមែនតែខ្ញុំមិនកម្សត់ទេ ព្រោះខ្ញុំបានដណ្ដើមជីវិតរបស់ខ្ញុំពីជំងឺកូវីដមកវិញបានដោយជោគជ័យ"។

ចំណែកលោក អេកូ វ៉ាក់សង ក៏មានថ្ងៃពិសេសនៅថ្ងៃនេះដែរ នោះគឺជាការចេញបទចម្រៀងថ្មីច្រៀងដោយកញ្ញា កែវ សុបញ្ញា ក្រោមចំណងជើងថា"យប់ពេលណាSad ពេលហ្នឹង" ដែលជាស្នាដៃនិពន្ធរបស់លោក។ អេកូ វ៉ាក់សង៖"បទថ្ងៃកើតហេតុ ច្រៀងហើយ ស្ដាប់ហើយ កូវីដល្មម សំណាងអ្នកចម្រៀងអត់កើត កើតតែគ្រូភ្លេង និងខ្ញុំ"។

សូមបញ្ជាក់ថា តារាចម្រៀង ពិធីការិនី និងអ្នកដឹកនាំសម្ដែងប្រចាំនៅស្ថានីយទូរទស្សន៍ហង្សមាសដែលគេរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់គ្នាចាប់តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ មកនោះបានព្យាបាលគ្រប់គ្នាអស់ហើយ។ ក្នុងនោះមានដូចជា៖ អ្នកនាង ចាន់ កែវនិមល ណុប បាយ៉ារិទ្ធ សុគន្ធ នីសា វី ឌីណែត សួស វីហ្សា និងលោក អេកូ វ៉ាក់សង ជាដើម ប៉ុន្ដែពេលនេះពួកគេរស់នៅប្រកបដោយការប្រុងប្រយ័ត្នបំផុតពីជំងឺផ្លូវដង្ហើមមួយនេះ៕

ដកស្រង់ពី៖ Sabay