Social Network

ព័ត៌មាន​បន្ថែម​ទៀត រឿង នាយ​ក្រិន ចូល​សង្គ្រោះ​បន្ទាន់​កាល​ពី​យប់​មិញ និង​ស្ថានភាព​ពិត​របស់​លោក​ពេល​នេះ

នាយ ក្រិន ដែលសម្ងំយ៉ាងស្ងៀមស្ងាត់នៅស្រុកកំណើតនាខេត្តបាត់ដំបង បានបែកធ្លាយព័ត៌មានថាលោកត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់កាលពីយប់មិញ

បន្ទាប់ពីកន្លងមកលោកក៏ធ្លាប់ចូលពេទ្យសង្គ្រោះបន្ទាន់២-៣ដងមកហើយ ប៉ុន្តែព្យាយាមលាក់បាំងព័ត៌មាន។ បន្ទាប់ពីលោក អៀង ចេនឡា ដែលជាមិត្តរួមអាជីពសិល្បៈ កំប្លែងជាមួយគ្នាបានទម្លាយករណីពីតារាកំប្លែងមាឌល្អិត ប្រិយមិត្តអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភ។

តែភ្លាមៗ មិនមានដំណឹងថា នាយក្រិន មានជំងឺអ្វីពិតប្រាកដនោះទេ។ តាមការបញ្ជាក់ប្រាប់របស់លោក ចេនឡា នៅព្រឹកនេះ បានឲ្យដឹងថា នាយក្រិនមានជំងឺបេះដូងប្រចាំកាយ ជាយូរមកហើយ ហើយកន្លងមកក៏ធ្លាប់ក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ២-៣លើករួចមកហើយដែរ។

ដោយឡែកយប់មិញនេះ លោកក៏ត្រូវយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាថ្មីទៀត តែមិនមែនជាជំងឺចាស់នោះទេ។ ប្រភពដដែលបញ្ជាក់ថា នាយ ក្រិន កើតអាការចុកខ្លាំង ទើបក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យនាខេត្តបាត់ដំបង។ "គាត់មានជំងឺបេះដូង ហើយចុងក្រោយហ្នឹង វះកាត់ពោះវៀនធំ ធ្លាក់ចូលប្លោកនោម គាត់ចុកខ្លាំង នៅយប់ថ្ងៃទី៨នេះ!”។ ចេនឡាន ថ្លែង។

នាយ ក្រិន ជាតារាកំប្លែងដ៏មានប្រជាប្រិយមិត្តមួយរូបក្នុងក្រុមកំប្លែងនាយ កុយ ដែលគេឃើញសម្ដែងជាប្រចាំក្នុងកម្មវិធីមន្តស្នេហ៍សំនៀងរបស់ទូរទស្សន៍ស៊ីធីអិន។ ប៉ុន្តែចាប់តាំងពីស៊ីធីអិន បានសម្រេចផ្អាកទទួលក្រុមកំប្លែងដ៏ល្បីមួយសម្ដែងក្នុងកម្មវិធីតទៅទៀត នាយ ក្រិន ក៏បានឃ្លាតឆ្ងាយពីការងារសិល្បៈ ដូចជាការលេងកំប្លែងរហូតមកប្រមាណ ២ឆ្នាំមកហើយ។

ដោយសារមិនមានការងារសិល្បៈធ្វើនៅទីក្រុងបន្តទៀត គួបផ្សំនឹងរបររកស៊ីបើកហាងផឹកស៊ីមួយកន្លែងត្រូវដួលរលំ ដោយសារកូវីដផង នាយក្រិន បាននាំកូនៗទាំង៣របស់លោក ត្រឡប់ទៅរស់នៅខេត្តបាត់ដំបងជាស្រុកកំណើតវិញ។ នៅទីនោះ លោកមានសាច់ញាតិដូចជា ម្ដាយ បងប្អូន ជួយទំនុកបម្រុងបន្ថែម។ ដោយសារតែបែបនេះ ទើបយប់មិញ លោកត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្តបាត់ដំបង។

យ៉ាងណា គិតមកត្រឹមព្រឹកថ្ងៃទី ១០ ឧសភា នាយ ក្រិន បានឆ្លងកាត់ការវះកាត់បានសម្រេចហើយ ហើយស្ថានភាពក៏បានធូរស្រាលមួយកម្រិតវិញហើយដែរ។ នេះបើតាមលោក អៀង ចេនឡា៕

ដកស្រង់ពី៖ Sabay