Social Network

ដេននី ក្វាន់ ថត​កាន់​លុយ​ដុល្លារ​ទាំង​បាច់ ហើយ​បញ្ចេញពាក្យសម្ដីឌឺដង​ធ្ងន់ៗទៅ​កាន់​អ្នក​រិះគន់​នាង​

ក្រោកពីដំណេកភ្លាម នៅព្រឹកថ្ងៃទី២៧ ខែឧសភា នេះ ដេននី ក្វាន់ បានបោះសម្ដីឌឺដងទៅកាន់អ្នករិះគន់នាងថា"ចង់បានលុយ១០ម៉ឺនខ្លាំងណាស់"

ដោយនាងលើកឡើងថាមានតែមនុស្សអគតិមួយចំនួនទេដែលស្រឡាញ់លុយជាងកិត្តិយសប៉ុណ្ណោះទើបអាចនិយាយពាក្យនេះបាន។ ដេននី ក្វាន់ បានបញ្ចេញសារ ដោយភ្ជាប់រូបនាងកាន់លុយដុល្លារជាច្រើនបាច់នៅក្នុងដៃ បង្ហោះនៅលើគណនីFacebook ផ្លូវការរបស់ខ្លួនមុននេះថា ព្រោះតែនាងក្រមិនដែលមានលុយ១០ម៉ឺនដុល្លារ ទើបមនុស្សអគតិមួយចំនួនគិតថានាងចង់បានលុយនោះ៖"ត្រូវចាំថាលុយមានតម្លៃតែពេលមនុស្សត្រូវការប៉ុណ្ណោះ"។

ក្រោយបែកធ្លាយក្ដីក្ដាំរវាងនាង និងម្ចាស់សណ្ឋាគារមួយនៅក្រុងព្រះសីហនុដែលបានបង្កប់កាមេរ៉ាលួចថតសកម្មភាពនាងនៅក្នុងបន្ទប់គេងកាលពីថ្ងៃម្សិលម្ង៉ៃ ដេននី ក្វាន់ ទទួលបានពាក្យអាណិតអាសូរផង និងការរិះគន់ផងពីមហាជន។ការរិះគន់ទី១នោះ គឺការយឺតយ៉ាវដែលនាងបញ្ចេញព័ត៌មាននេះ និងទី២ ការទាមទារសំណងជំងឺចិត្ដចំនួន១០ម៉ឺនដុល្លារ ដោយអ្នកខ្លះយល់ថានាងស្រឡាញ់លុយជាងកិត្ដិយស។

ប៉ុន្ដែផ្ទុយពីការរិះគន់ ដេននី ក្វាន់ បានបញ្ជាក់ម្ដងហើយម្ដងទៀតថា ហេតុផលដែលនាងលាក់ព័ត៌មាននេះរហូតមកដល់ពេលនេះគឺដោយសារមានសំណូមពរពីសមត្ថកិច្ច។ រីឯរឿងទាមទារសំណង១០ម៉ឺនដុល្លារនោះ គឺនាងមិនស្រឡាញ់លុយជាងកិត្ដយសរបស់នាងនោះទេ ហើយសំណងចុងក្រោយដែលតុលាការសម្រេចឲ្យជនល្មើសសងចំនួន១ម៉ឺនដុល្លារនោះក៏មិនទាន់បានទទួល ហើយបើបានទទួលនាងក៏យកវាទៅធ្វើសកម្មភាពមនុស្សធម៌ទាំងអស់ដែរ៕

ដកស្រង់ពី៖ Sabay