Social Network

អំណោយ​ផល​ខ្លាំង ស្រី​ស្អាត ឆាយ នីតា ឡើង​តំណែង​ធំ​ក្នុង​រឿង​ចិន​មួយ​រឿង​ទៀត​បាត់!

ត្បិតថាពេលនេះ ស្រីស្អាត ឆាយ នីតា ដ៏ស្រស់ប្រិមប្រិយ បាន និងកំពុងរស់ក្នុងភាពស្ងប់ស្ងាត់ដោយសារការងារសិល្បៈត្រូវផ្អាកទាំងស្រុងដោយសារកូវីដ១៩

ដូចមិត្តរួមអាជីពផ្សេងទៀតក៏ពិតមែន ប៉ុន្តែមុននេះ មានដំណឹងថា នាងត្រូវបានផលិតករចិនជ្រើសរើសសម្រាប់ខ្សែភាពយន្តខ្នាតធំ១រឿងទៀត។ នេះជាស្នាដៃទី២របស់នាង បន្ទាប់ពីឆ្នាំមុន នីតា ក៏បានរួមសម្ដែងក្នុងនាមជាតួឯកស្រីមួយរឿងដែរឲ្យផលិតករចិន។

រឿងនោះមានចំណងជើងថា "អង្គរក្សពិសេស" ផលិតក្នុងឆ្នាំ ២០២០ ដែលវេលានោះ តួអង្គខ្មែរគឺមានតែ នាង និងមិត្តរួមអាជីព២-៣នាក់ប៉ុណ្ណោះជាជនជាតិខ្មែរ។ ដោយឡែករឿងទី២ ដែលនាងបានទាក់ចិត្តផលិតករចិនឲ្យជ្រើសរើសនាងសារជាថ្មី គឺរឿង "យោងចាប់ក្ដីស្រមៃ"។ រឿងនេះ តួខ្មែរមានច្រើនជាងមុន គឺមាន ឆាយ នីតា ខាត់ វ៉ៃហាំង ទេព រិនដារ៉ូ ហង្ស សូរិយ៉ាន់។ ភាពយន្តទាំងមូល គឺបានថតចាប់រួចរាល់មុនកូវីដ១៩ បានវាយប្រហារកម្ពុជាជាថ្មីតាមរយៈព្រឹត្តិការណ៍ ២០កុម្ភៈ។

តាមផែនការរឿង "ឈោងចាប់ក្ដីស្រមៃ" នឹងដាក់បញ្ចាំងនៅប្រទេសចិន និងកម្ពុជា។ ប៉ុន្តែដោយសារស្ថានភាពកូវីដ មិនទាន់ប្រសើរនាងមិនដឹងថា រឿងនេះអាចចាក់បញ្ចាំងជូនប្រិយមិត្តបានទស្សនានៅពេលណានោះទេ ខណៈសាមីខ្លួនតារាស្រី ប្រាប់ថា នាងក៏អន្ទះសាចង់ទស្សនាភាពយន្តរបស់ខ្លួនសម្ដែងជាមួយបរទេសដូចគ្នាដែរ។

ដូចនឹងរឿងទី១ដែរ នៅក្នុងសាច់រឿងនៃភាពយន្តរបស់ផលិតករចិនទី២នេះ ឆាយ នីតា សម្ដែងជាតួឯកស្រី ដោយចាប់ដៃគូជាមួយតួឯកប្រុសដែលជាជនជាតិចិនដែរ។ ឆាយ នីតា ឈានមុខគេក្នុងចំណោមតារាសម្ដែងស្រីដទៃទៀត ដោយ២ឆ្នាំជាប់គ្នា នាងត្រូវបានផលិតករចិនរើសនាងឲ្យសម្ដែងជាតួឯកស្រីក្នុងខ្សែភាពយន្តរបស់គេ។

ចំពោះបញ្ហានេះ នាងទទួលស្គាល់ថា នាងហាក់អំណោយផលសម្រាប់ខ្សែភាពយន្តរបស់ផលិតករចិនពិតមែន។ ចំពោះហេតុផល នាងលើកឡើងថា ទំនងដោយសារហេតុផលមួយចំនួនទី១ រូបរាងមុខមាត់របស់នាង ពេលតុបតែងទៅ សាកសម ឬស្រដៀងនឹងនារីចិនដែរ។

ចំណុចទី២ នាងមានបទពិសោធន៍ និងកិច្ចសហការល្អជាមួយផលិតករចិនកាលពីទី១ស្រាប់ ដែលរឹតតែធ្វើឲ្យនាងរឹតតែមានអំណោយផល។ ដោយឡែករឿងភាសាវិញ ស្រីស្អាត បញ្ជាក់ថា នាងមិនចេះនិយាយចិននោះទេ បើទោះមើលទៅនាងដូចជាមានជាប់ឈាមជ័រសែស្រឡាយចិនក៏ពិតមែន។

ក្រៅពីខ្សែរឿងរបស់ផលិតករបរទេស ដែលបានថតចប់រួចរាល់ រង់ចាំតែថ្ងៃដាក់បញ្ចាំងនោះ នីតា បញ្ជាក់ថា នាងមិនទាន់ជាប់កុងត្រាជាមួយផលិតករក្នុងស្រុកណាមួយទៀតទេ។ នាងថា "រឿងដែលកុងត្រា គឺថតចប់រួចរាល់អស់ហើយ ដោយឡែករឿងថ្មី គឺមិនទាន់មាន ព្រោះក្នុងពេលនេះ ស្ងប់ស្ងាត់ទាំងអស់គ្នា អីចឹងម្នាក់ៗទំនេររៀងខ្លួន!”៕

 

ដកស្រង់ពី៖ Sabay