Social Network

ក្រោយ​ម្ចាស់​លុយ មក​រក​រឿង​ដល់​កន្លែង អ៊ីណូ ព្រឹក​នេះ បាន​សង​លុយ​​ហើយ ហើយ​ពោល​ពាក្យ​ប៉ុន្មាន​ឃ្លា​ទៅ​ម្ចាស់​បំណុល!

ដូចការគ្រោងទុកតារាចម្រៀង អ៊ីណូ បានទូទាត់សាច់ប្រាក់សុទ្ធចំនួន១១,៣៥០ដុល្លារអាមេរិក ដល់ម្ចាស់បំណុលដែលធ្លាប់រកស៊ីជាមួយគ្នានៅម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នេះ

បន្ទាប់ពីផ្ទុះការវែកញែកតឹងសរសៃកជាមួយនៅចំពោះមុខអ្នកសារព័ត៌មានល្ងាចមិញនៅមុខហ្គារាសលក់ឡានលោក ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក អ៊ីណូ បានប្រាប់Sabay នៅមុននេះបន្ដិចថា ភាគីទាំងសងខាងបានជួបគ្នា និងទូទាត់ប្រាក់ដែលបានខ្ចីនោះគ្រប់ចំនួននៅចំពោះមុខមេធាវីរួចហើយ។

លោកបានស្នើឲ្យភាគីម្ខាងទៀតលុបចោលទាំងអស់នូវវីដេអូកាលពីថ្ងៃទី៦ ខែមិថុនា ព្រមទាំងសូមឲ្យភាគីម្ខាងទៀតបញ្ចប់នូវសកម្មភាព ឬវីដេអូរិះគន់ផ្សេងៗទៀតទៅលើរូបលោក។ អ៊ីណូ៖"ខ្ញុំទទួលស្គាល់ថាខ្ញុំពិតបានយឺតយ៉ាវបន្តិចមែន...តែការរកស៊ីវាតែងតែអីចឹងហើយ ហើយគាប់ជួនស្ទះបង្វិលលុយមិនទាន់ក្នុងអំឡុងពេលកូវីដ-១៩ នេះ។ មិនគួរគាត់ធ្វើអីចឹង...យើងនឹងឃើញថាគាត់ក៏ធ្លាប់ជាដៃគូររកស៊ីជាមួយគ្នាដែរបានយើងខ្ចី...ឥឡូវទូទាត់ចប់សព្វគ្រប់ហើយអូន"។

តារាចម្រៀងអ៊ីណូ បានបើកហ្គារារកស៊ីលក់ឡានមួយទឹកដែលនាំចូលពីក្រៅប្រទេសតាំងពីដើមឆ្នាំ២០២០។ ស្រាប់តែនៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ផ្ទុះរឿងលោកខ្ចីលុយគេ១ម៉ឺនដុល្លារតាំងពីខែសីហា ឆ្នាំ២០២០ មិនទាន់បានសងឲ្យគេ ហើយត្រូវម្ចាស់លុយ លើកគ្នាមករករឿងដោយមានទាំងអ្នកសារព័ត៌មានផងមកដល់ហ្គារ៉ាស់របស់លោក។ វេលានោះ គេឃើញមានការជជែកវែកញែកតឹងសសៃកដាក់គ្នា។ ម្ចាស់លុយ បានលើកឡើងថា តារា ជាមនុស្សបោកប្រាស់ ដែលបានកុហកពួកគេច្រើនដងរួចមកហើយ ទើបពួកគេនាំគ្នាមកដល់កន្លែងប្រកបអាជីវកម្មរបស់ អ៊ីណូ ផ្ទាល់តែម្ដងបែបនេះ។

ក្រោយការជជែកតវ៉ា វែកញែក ម្សិលមិញ អ៊ីណូ បានប្រកាសក្នុងបទសម្ភាសន៍ឡាយលើហ្វេសប៊ុក ថានឹងសងប្រាក់ជូនម្ចាស់គ្រប់ចំនួន ទាំងការទាំងដើមនៅថ្ងៃនេះ៕ ក្រោយពីដំណឹងនេះត្រូវបានលាតត្រដាងជាសាធារណៈលោក អ៊ីណូ បានសងប្រាក់គ្រប់ចំនួនដល់ម្ចាស់បំណុល ប៉ុន្ដែអ៊ីណូ បញ្ជាក់ថាការយឺតយ៉ាវលុយកាក់ក្នុងការបង្វិលសងគេនេះ គឺមិនដោយសារមុខជំនួញរបស់លោកខាតបង់ឡើយ គឺអាជីវកម្មនៅដំណើរការធម្មតា៕

ដកស្រង់ពី៖ Savay