Social Network

សរសើរ​ទឹក​ចិត្ត​! យុវជន​ស្រឡាញ់​សិល្បៈ​បុរាណ​ខ្មែរ​ជាង ១០០​នាក់​ស្ម័គ្រ​ចិត្ត​ចូល​រួម​ព្រឹត្តិការណ៍ "រាត្រី​ចង​ចាំ" ដោយ​មិន​គិត​ប្រាក់

យុវជនខ្មែរជាអ្នកដែលមាននិស្ស័យសិល្បៈបុរាណខ្មែរជាង ១០០នាក់ បានមកជួបជុំគ្នានៅព្រឹកនៅទឹកដីកោះពេជ្រ ដើម្បីរួមគ្នាក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏ធំរៀបចំដោយក្រសួងវប្បធម៌ហៅថា "រាត្រីចងចាំ"។

ពួកគេទាំងជាង ១០០នាក់ មកពីក្រុមសិល្បៈបុរាណទាំង ៦ទម្រង់ បានស្ម័គ្រចិត្តចូលរួមព្រឹត្តិការណ៍ខាងលើដោយទឹកចិត្ត និងបេះដូង គ្មានគិតគូរការហត់នឿយ និងប្រាក់កម្រៃឡើយ។ យុវជនអ្នកស្នងមរតកសិល្បៈវប្បធម៌របស់ខ្មែរទាំងនោះ បានមកជួបជុំគ្នាតាំងពីម៉ោង ៦ ត្រៀមសម្រាប់ការរៀបចំសម្ដែងលើឆាក ក្នុងនោះគ្រាន់តែការរៀបចំខ្លួន ពួកគេត្រូវចំណាយពេល ២-៣ម៉ោង។

ត្បិតថាយ៉ាងនេះ ពួកគេរីករាយ ព្រោះជាការងារមួយរបស់គេ ក្នុងអាជីពជាអ្នកស្នងសិល្បៈបុរាណខ្មែរ។ កញ្ញា ណាំ ស្រីណុថ្ត វ័យ ២១ឆ្នាំ សិល្បកររបាំព្រះរាជទ្រព្យ បានឲ្យដឹងថា កញ្ញា សប្បាយចិត្តសម្រាប់ការចូលរួមលើកនេះ បើទោះជាហត់នឿយ និងមិនមានប្រាក់កម្រៃក៏ដោយ ប៉ុន្តែកញ្ញា ពេញចិត្ត។ ទី១ វាអាជីពដែលខ្លួនស្រឡាញ់ និងទី២ ចង់ចូលរួមលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិ។

ងាកមកសិល្បកររបាំបុរាណម្នាក់ទៀតឈ្មោះ ដួង សុខជា ក៏បានឲ្យដឹងដូចគ្នាថា កញ្ញាស្ម័គ្រចិត្តចូលរួមក្នុងព្រឹត្តិការណ៍ខាងលើដោយចិត្តឯង។ ការងារនេះមានការលំបាក ត្រូវហាត់សមរយៈពេលយូរ ប៉ុន្តែជាអ្នកស្រឡាញ់សិល្បៈបុរាណតាំងពីតូចៗមក កញ្ញា ពេញចិត្តបេសកកម្មរបស់នាង ព្រោះនាងចង់មានចំណែកលើកកម្ពស់ និងអភិរក្សសិល្បៈវប្បធម៌របស់ខ្មែរ។ “រាត្រីចងចាំ" គឺជាព្រឹត្តិការណ៍រំលឹកពីការដាក់បញ្ចូលសិល្បៈរូបិយ អរូបិយទាំងឡាយរបស់កម្ពុជាទៅក្នុងសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ក្នុងនោះមានដូចជា អបអរសាទរខួបទី១៨ នៃ “របាំព្រះរាជទ្រព្យ” ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ! នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។

ទី២ អបអរការដាក់បញ្ចូលសិល្បៈល្ខោនខោលវត្តស្វាយអណ្ដែតជាបេតិកភណ្ឌមនុស្សជាតិដែលមកដល់ពេលនេះមានរយៈពេល ៣ឆ្នាំហើយ។ ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារទទួលបន្ទុករៀបចំព្រឹត្តិការណ៍ "រាត្រីចងចាំ" បានមានប្រសាសន៍ឲ្យដឹងថា មិនត្រឹមតែអបអរ តែព្រឹត្តិការណ៍ទាំងមូល ចង់ផ្ញើសារទៅដល់យុវជនឲ្យស្រឡាញ់ និងចងចាំសិល្បៈវប្បធម៌ដ៏ល្អឯករបស់កម្ពុជា និងសង្ឃឹមថាពួកគេចូលរួម និងលើកស្ទួយសិល្បៈវប្បធម៌នោះទាំងអស់គ្នា។

ព្រឹត្តិការណ៍ "រាត្រីចងចាំ" ត្រូវបានប្រារព្ធលើកទី១នៅឆ្នាំ ២០១៩ នាខេត្តសៀមរាប។ ខកខាន១ឆ្នាំ ដោយការរំខានពីការរីករាលដាលមេរោគកូវីដ១៩ ព្រឹត្តិការណ៍នេះទើបចាប់ផ្ដើមធ្វើលើកទី២នៅឆ្នាំនេះ។ តាមឯកឧត្តម ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទទួលបន្ទុករៀបចំព្រឹត្តិការណ៍ បានមានប្រសាសន៍ឲ្យដឹងថា ឆ្នាំនេះ មានសិល្បករសិល្បៈបុរាណខ្មែរទាំងក្នុង និងក្រៅប្រព័ន្ធប្រមាណជាង ១០០នាក់។

ចំនួននេះ តិចជាងឆ្នាំទី១ដែលមានជាង ៣០០នាក់។ បញ្ហានេះឯកឧត្តមលើកឡើងថា ត្បិតថា រាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ ប៉ុន្តែកូវីដវាមិនទាន់ទៅណាឆ្ងាយនោះទេ ដូច្នេះហើយថ្នាក់ដឹកនាំក្រសួងបានសម្រេចឲ្យធ្វើ ដោយកាត់បន្ថយអ្នកចូលរួម។

ព្រឹត្តិការណ៍ព្រឹកមិញនេះ គឺជាការសម្ដែងថតទុក ដើម្បីត្រៀមចាក់ផ្សាយនៅថ្ងៃទី ២៨ វិច្ឆិកានេះ ដែលជាថ្ងៃដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្ដែតទៅក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិ។ កម្មវិធីទាំងមូលនឹងមានការសម្ដែងសិល្បៈជាច្រើនទម្រង់មានដូចជា "របាំព្រះរាជទ្រព្យ" "របាំសហសម័យ" "អាយ៉ៃឆ្លើយឆ្លង" "ល្ខោនខោល" និង ការប្រគំតន្ត្រីខ្នាតធំជាដើម ដែលនឹងក្លាយជាទស្សនីយភាពដ៏ល្អឯកមួយ។

ដូច្នេះហើយ ឯកឧត្តមអនុរដ្ឋលេខាធិការ ស្នើឲ្យយុវជនចូលរួមទាំងអស់គ្នា។ “ដើម្បីបង្ហាញពីការគាំទ្រ ខ្ញុំសំណូមពរបងប្អូនប្រជាពលរដ្ឋ ពិសេសយុវជននឹងចូលរួមគាំទ្រវិស័យសិល្បៈវប្បធម៌របស់យើង ខ្ញុំសុំរំខានឲ្យពួកគាត់ជួយចុចចូលទស្សនា ដើម្បីឲ្យដឹងថា សិល្បៈ ក៏ដូចជាសម្បត្តិវប្បធម៌របស់ខ្មែរយើងមានសម្រស់ស្រស់ស្អាតប៉ុណ្ណា!”៕

ដកស្រង់ពី៖Sabay