Social Network

ល្បែង​ប្រជាប្រិយ​ខ្មែរ « លាក់កន្សែង »

ល្បែង«លាក់កន្សែង» ជាល្បែងមួយ យ៉ាងរបស់ក្មេងខ្មែរ ក្នុងបុរាណកាល តែងលេងសម្រាប់កម្សាន្ត សប្បាយនៅពេល យប់ខែភ្លឺក្នុង រដូវចូលឆ្នាំ ឬនៅពេលជា ចន្លោះការហត់នឿយម្តងៗ ។ មុនដំបូងពួក ក្មេងៗបបួលគ្នា បានចំនួនពី ៦ទៅ៧នាក់ឡើង ទៅអង្គុយច្រហោង ដំកង់ជាវង់មូល ដាក់ដៃទាំងពីរ ទៅមុខលើក្បាល ជង្គង់ក្នុងទីណាមួយ ដែលជាទីវាល ស្រឡះរាបស្មើល្អ។

គេយកកន្សែង ឬក្រមាតូចមួយមក រុំមូរឆ្មូលរឹត ឱ្យតឹងណែនល្អ ទុកជាយបន្តិច សម្រាប់កាន់យួរបាន ហៅថា «កន្សែង» មានម្នាក់ក្រោកចេញ ទៅក្រៅវង់កាន់កន្សែង នោះដើរព័ទ្ធជុំវិញ យ៉ាងលឿនពីខាង ក្រោយខ្នងអ្នកអង្គុយបញ្ឆោតអ្នក អង្គុយមិនឱ្យ ដឹងខ្លួនថា គេលាក់កន្សែងក្រោយ ខ្នងអ្នកណាទេ ។ ល្បែងនេះមានត្រណម យ៉ាងតឹងរ៉ឹងមិន ឱ្យអ្នកលេង ងាកក្រោយ ឬលូកដៃទៅខាងក្រោយខ្នង បើអ្នកណា មួយហ៊ានងាក ឬលូកស្ទាបខាងក្រោយខ្នង អ្នកលាក់មាន អំណាចដាក់ទណ្ឌ កម្មអ្នកនោះ មិនឱ្យឡើងលាក់កន្សែង ឬគេឱ្យអ្នកនោះ អង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ ទោសយ៉ាងណា តាមចិត្តគេស្ម័គ្រ ។

អ្នកលាក់ លុះរត់ក្រឡឹងអ្នក អង្គុយ២ទៅ៣ជុំហើយ មើលតែអ្នកណាអង្គុយ បែបភ្លេចខ្លួនគេក៏ ដាក់កន្សែងក្រោយ ខ្នងអ្នកនោះភ្លាម រួចគេរត់យ៉ាង រហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីឱ្យឆាប់ មកដល់កន្លែង កន្សែងដែលគេដាក់នោះ ។ បើអ្នកដែលត្រូវគេ លាក់កន្សែងពី ក្រោយខ្នងនោះ មិនដឹងខ្លួន លុះអ្នកលាក់ រត់ក្រឡឹងមកម្តងទៀត ចាប់យកកន្សែង នោះបានមុន គេទុកអ្នកលាក់ នោះជាឈ្នះ ត្រូវមានអំណាច រើសយកកន្សែងទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយគេយក កន្សែងលាក់ត ។

តែបើអ្នកអង្គុយ ដឹងខ្លួនថា គេលាក់ចំក្រោយខ្នងខ្លួន ហើយចាប់យក កន្សែងបានមុន អ្នកលាក់រត់មកដល់ គេចាត់ទុកអ្នក អង្គុយនោះជាអ្នកឈ្នះ ត្រូវមានអំណាចក្រោកឡើង ចាប់កន្សែងដេញគក់ អ្នកលាក់នោះវិញ តែបើអ្នកលាក់នោះ រត់ទៅដល់កន្លែង ចន្លោះអង្គុយបាន អ្នកកាន់កន្សែងនោះ មិនត្រូវគក់គេទេ ត្រូវរត់ក្រឡឹងអ្នក អង្គុយដំកង់ដើម្បី នឹងលាក់តទៅទៀត គឺថាអ្នកលាក់ពីមុន ត្រូវទៅអង្គុយកន្លែង អ្នកចាប់កន្សែងបានក្នុងវង់ដដែល ។

គេលេងតែ របៀបនេះរហូត ដល់ពេលឈប់ ។ ជួនកាលអ្នកខ្លះ មិនដែលបាន ឡើងលាក់កន្សែង នឹងគេម្តងសោះក៏មាន ព្រោះគេលាក់កន្សែង ក្រោយខ្នងខ្លួន តែមិនដឹង រវល់តែ គេគក់ខ្នងបានរាល់ពេល ។ ល្បែងនេះ គេលេងដើម្បីហាត់ខ្លួន ឱ្យមានស្មារតីរឹងប៉ឹង រហ័សរហួន ឱ្យមានប្រាជ្ញាវាងវៃ ហាត់ទម្លាប់ខ្លួនប្រុង ស្មារតីជានិច្ច ។ (អត្ថបទដកស្រង់ចេញពីសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ»)៕

ដកស្រង់ពី៖ កោះសន្ដិភាព