Social Network

Lexus ចេញ NX ថ្មី​ប្រើ Plug-in Hybrid លើកដំបូង​ តម្លៃជាង ១០ម៉ឺនដុល្លារ ចាក់១លីត្រជិះបាន ៧៦គ.ម

ក្រុមហ៊ុន Lexus បានបញ្ចេញរថយន្តថ្មីត្រកូល NX ជំនាន់ទី២ ឆ្នាំ២០២២ គឺ 450h+ ក្នុងពិព័ណ៌រថយន្ត Motor Expo 2021 ដែលប្រព្រឹត្តធ្វើឡើងនៅប្រទេសថៃ។

រថយន្ត NX 450h+ ជាប្រភេទរថយន្តប្រើ Plug-in Hybrid ទីមួយរបស់ Lexus។ វាប្រើម៉ាស៊ីនស៊ីឡាំង៤ ចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ១៨២សេះ និងកម្លាំងរមួល ២២៧ញូ៊វតុនម៉ែត្រ ជាមួយនឹងប្រអប់លេខ E-CVT។

រថយន្តនេះ ក៏បំពាក់ម៉ូទ័រអគ្គិសនីនៅខាងមុខមួយ កម្លាំង ១៨០សេះ និង ២៧០ញូ៊វតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីខាងក្រោយកម្លាំង ៥៤សេះ និងកម្លាំងរមួល ១២១ញូ៊វតុនម៉ែត្រ។ ប្រព័ន្ធនេះគួបផ្សំគ្នាផលិតបានកម្លាំងសរុប ៣០៤សេះ។

ក្នុងការជាន់ពីល្បឿន ០ ទៅ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេល ៦,៣វិនាទី និងអាចបើកដល់ល្បឿនអតិបរមា ២០០គីឡូម៉ែត្រក្នុង១ម៉ោង។ ការប្រើប្រាស់សាំងគឺចាក់ ១លីត្រ ជិះបាន ៧៦,៩គីឡូម៉ែត្រ។

ចំពោះការប្រើថាមពលអគ្គិសនីវិញ គឺ NX 450h+ ប្រើប្រាស់អាគុយ lithium-ion ដែលអាចផ្ទុកភ្លើងបាន ១៨,១គីឡូវ៉ាត់ម៉ោង ដោយការសាកពេញចំណាយពេល ២,៥ម៉ោង អាចធ្វើដំណើរបានចម្ងាយ ៨៧គីឡូម៉ែត្រ។

Lexus NX ជំនាន់ក្រោយនេះ ត្រូវបានអភិវឌ្ឍឡើងលើគ្រោងឆ្អឹង TNGA របស់ Toyota។ វាមានប្រវែង ៤៦៦០មម ទទឹង ១៨៦៥មម និងកម្ពស់ ១៦៧០មម។

វាភ្ជាប់មកនូវពោងសុវត្ថិភាពចំនួន៧ និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតដូចជា ប្រព័ន្ធសុវត្ថិភាពមុនពេលបុកគ្នា, ប្រព័ន្ធជួយឱ្យរថយន្តបើកក្នុងគន្លងត្រឹមត្រូវ, មុខងារជំនួយដល់ការផ្លាស់ប្តូរគន្លងផ្លូវ ជាមួយនឹង Blind Spot Monitor ដែលជាមុខងារផ្តល់សញ្ញានៅពេលដែលមានគេចង់វ៉ាជែងពីខាងក្រោយ, មុខងារកំណត់ល្បឿនតាមស្ថានភាពផ្លូវ និង Rear Cross Traffic Alert ដែលជាប្រព័ន្ធផ្តល់សញ្ញាជាសំឡេង បើមានអ្វីជិះកាត់ពីក្រោយនៅពេលយើងរយែរចេញពីចំណត។

រថយន្តនេះ ត្រូវបានដាក់លក់ក្នុងប្រទេសថៃ ក្នុងតម្លៃចាប់ពី ៣,៥៩លានបាត ឬជាង ១០,៦ម៉ឺនដុល្លារ។ វាក៏មាន option ប្រណីត F Sport ដែលបំពាក់ប្រព័ន្ធទំនើបជាងនេះផងដែរ មានតម្លៃ ៤,៣២លានបាត ឬជាង ១២,៧ម៉ឺនដុល្លារ។

សូមបញ្ជាក់ដែរថា Lexus ក៏បានបញ្ចេញម៉ូដែលមួយទៀតគឺ NX 350h ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រផងដែរ តែផលិតបានកម្លាំងខ្ពស់ជាងបន្តិច គឺ ១៨៧សេះ និងកម្លាំងរមួល ២៣៩ញូ៊វតុនម៉ែត្រ។

វាបំពាក់ម៉ូទ័រអគ្គិសនីខាងមុខដូច 450+ ដែរ តែមិនមាននៅខាងក្រោយទេ ឯអាគុយផ្ទុកភ្លើងបានត្រឹម ១,៦គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ។ ប្រព័ន្ធនេះផលិតបានកម្លាំងសរុប ២៤០សេះ ដោយការជាន់ពីល្បឿន ០ ទៅ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេល ៨,៧វិនាទី។

ការប្រើប្រាស់សាំង គឺចាក់ ១លីត្រ ជិះបាន ២០គីឡូម៉ែត្រ។ រថយន្តនេះ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី៣,២៤លានបាត ឬជាង ៩,៥ម៉ឺនដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

ដកស្រង់ពី៖sabay