Social Network

ការ​លក់​ទូរស័ព្ទ​iPhone​ហក់​ឡើង​ខ្ពស់

សារព័ត៌មាន តំបន់ឲ្យដឹងថា ក្រុមហ៊ុនApple បានប្រកាសប្រាប់ពីថ្ងៃចន្ទថា មានការហក់ឡើងនូវ ប្រាក់ចំណេញប្រចាំ ត្រីមាសរបស់ខ្លួន ៣៣% ដែលជាការជួយ លើកស្ទួយដោយការលក់ នូវទូរស័ព្ទឆ្លាត iPhones របស់ខ្លួន និងការកើនប្រាក់ ចំណូលពីប្រទេសចិន។

ក្រុមហ៊ុនបច្ចេកវិទ្យា កាលីហ្វ័រនី ដ៏ធំនេះឲ្យដឹងថា ប្រាក់ចំណេញបាន ឡើងទៅដល់ ១៣,៦ ពាន់លានដុល្លារ ដោយមានការស្ទួយ ពីការលក់ ៦១ លានគ្រឿង នៃទូរស័ព្ទ iPhones ក្នុងរយៈពេលបីខែ ដំបូងនៃឆ្នាំ។ ប្រាក់ចំណូលបានកើន ឡើង២៧% ប្រៀបទៅរយៈ ពេលដូចគ្នា កាលពីមួយឆ្នាំមុន គឺដល់ ៥៨,០១ ពាន់លានដុល្លារ។ ក្រុមហ៊ុន Apple ឲ្យដឹងថា ខ្លួនបានបន្ថែមប្រាក់ ៥០ ពាន់លានដុល្លារ ក្នុងកម្មវិធីទិញវិញ នៃភាគហ៊ុន និងជំរុញនូវប្រាក់ចំណេញ ជាការធ្វើសម្បទាន ឲ្យម្ចាស់ភាគហ៊ុននានា ដែលមានការបារម្ភថា ក្រុមហ៊ុនគរប្រាក់ ទុកច្រើនហួស។

ក្រុមហ៊ុន ថាគណៈអភិបាល បានបង្កើនការអនុញ្ញាត ទិញភាគហ៊ុនឡើងវិញ ដល់ ១៤០ ពាន់លានដុល្លារ ពីការកម្រិតដែល បានប្រកាស៩០ ពាន់លានដុល្លារ កាលពីឆ្នាំកន្លងទៅ។ ការទិញមកវិញ បង្កើនតម្លៃសម្រាប់ម្ចាស់ភាគហ៊ុន ដោយកាត់បន្ថយ ចំនួនភាគហ៊ុនធំៗ។ ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុន ពាណិជ្ជកម្មសាធារណៈធំបំផុត គិតតាមតម្លៃទីផ្សារ មានភាគហ៊ុនកើនឡើង បន្ទាប់ពីការទិញដូរ ប្រមាណ ០,៨១% គឺដល់ ១៣២,៦៥ ដុល្លារ ជំរុញឲ្យទុនស រុបមានទាំងអស់ជាង ៧៧០ ពាន់លានដុល្លារ។

លទ្ធផលកើតមាន បន្ទាប់ពីមានការផ្សព្វផ្សាយ លក់ដោយជោគជ័យ កាលពីឆ្នាំទៅនូវទូរស័ព្ទ iPhones មានផ្ទាំងប្រតិបត្តិការធំ ជួយឲ្យដណ្តើម បានមកវិញ នូវចំណែកទីផ្សារ ដែលសាមស៊ុង និងក្រុមហ៊ុននានា ដែលប្រើកម្មវិធីGoogle Android បានដណ្ដើមយកទៅ។ របាយការណ៍របស់Apple បង្ហាញពីការហក់ឡើង ៤០% នៃការលក់ទូរស័ព្ទ iPhone ធៀបទៅនឹង រយៈពេលដូចគ្នា ពីមួយឆ្នាំមុន៕

ដកស្រង់ពី៖ កម្ពុជាថ្មី