Social Network

កុំឲ្យច្រឡំជុំទិសពេក ខ្ញុង ចេញបកស្រាយហេតុផលពិតចំពោះការឈប់សម្ដែងរឿង «២គ្រួសារ»

បន្ទាប់ពីនាយ ពែកមី បង្ហាញមុខ ស្រីពីន ជាតួប្រពន្ធថ្មីក្នុងរឿង «២គ្រួសារ» របស់ទូរទស្សន៍ CTN មហាជនក៏ចាប់ផ្ដើមមានការសង្ស័យថា ទំនងជា អ្នកនាងខ្ញុង ត្រូវក្រុមការងារ ដកឈ្មោះចេញពីក្រុមសម្ដែងហើយ។

ដោយសារមានមន្ទិល និងបង្កជាពាក្យចចាមអារ៉ាមច្រើនពេក ទើបតារាកំប្លែងសម្បូរវោហារ ខ្ញុង ចេញមុខបកស្រាយតែម្ដង។ ស្ថិតក្នុងវីដេអូ Live លើទំព័រហ្វេសប៊ុក Srey Knhong នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ ខ្ញុងបានបកស្រាយហេតុផលច្បាស់ពីការបាត់មុខពីក្រុមកំប្លែង។

មូលហេតុគឺមិនមែនដោយសារស្ថាប័ន ឬលោកតា វ៉ិចទ័រ ដែលជាប្រធានក្រុម ដកនាងចេញទេ គឺនាងជាអ្នកសម្រេចចេញដោយខ្លួនឯង។ ការពិត អ្នកនាងខ្ញុងមានខ្លាចចិត្តគ្រប់គ្នា និងបារម្ភពីកិត្តិយសក្រុមការងារដែលនាងធ្វើការជាមួយ ដោយសារនាងដឹងខ្លួនថាបានធ្វើខុស លង់ខ្លួនក្នុងរឿងបំណុលជុំទិស ទើបនាងសម្រេចមិនបន្តការងារតែម្ដង។

ទោះជាយ៉ាងណា តារាស្រីរូបនេះក៏នៅបានបញ្ជាក់ដែរថា ការងារសិល្បៈនាងនៅតែបន្ត ហើយរីករាយទទួលទាំងអស់មិនថា កាត់សក់ កាត់នំ ឬច្រៀងក្នុងពិធីផ្សេងៗជាមួយនឹងស្វាមីរបស់នាង គឺនាយកៃដ។

បន្ថែមពីលើនេះ អ្នកនាងក៏រក្សារបរ Live លក់ ប្រហុក ផ្អកតាមអនឡាញ ព្រមទាំងបង្ហើបដំណឹងថា ឆាប់ៗនាងនឹងបង្ហាញផលិតផលថ្មី ដែលជា Brand របស់នាងផ្ទាល់ទៀត។ កាលពីចុងឆ្នាំ ២០២១ តារាស្រីរូបនេះ បានធ្វើឲ្យបណ្ដាញសង្គមមានការភ្ញាក់ផ្អើលខ្លាំង ដោយសារចេញមុខទម្លាយថា ខ្លួនជំពាក់បំណុលគេរាប់សែនដុល្លារ ហើយទ័លខ្លាំងដល់ថ្នាក់សុំជាប់ពន្ធនាគារទៀត៕

ដកស្រង់ពី៖Sabay