Social Network

Land Cruiser នឹងមានបងប្អូន​មួយទៀត បើកលើភពព្រះចន្ទ

ក្រុមហ៊ុន Toyota កំពុងធ្វើការជាមួយភ្នាក់ងារអវកាសជប៉ុន JAXA ក្នុងការស្រាវជ្រាវផលិតយានយន្តសម្រាប់បើកបររុករកនៅលើដីភពព្រះចន្ទ ដើម្បីជួយដល់មនុស្សក្នុងការរស់នៅទីនោះ នៅត្រឹមឆ្នាំ២០៤០ និងបន្ទាប់មកទៅភពអង្គារ។

យានយន្តនេះ ត្រូវបានហៅថា «Lunar Cruiser» ដែលកាត់ពាក្យពីកំពូលរថយន្ត SUV របស់ Toyota គឺ Land Cruiser។ គម្រោងនេះ បំផុសឡើងដោយផ្អែកទៅលើជីវភាពមនុស្សនៅលើផែនដីបច្ចុប្បន្ន ពោលគឺវានឹងអាចធ្វើជាកន្លែងហូបចុក ធ្វើការ គេង និងទំនាក់ទំនងដោយសុវត្ថិភាព។

លោក Takao Sato ប្រធានគម្រោង Lunar Cruiser បាននិយាយថា «ការឆ្ពោះទៅកាន់ទីអវកាស គឺយើងអាចនឹងបង្កើតទំនាក់ទំនងនិងបច្ចេកវិទ្យាផ្សេងទៀត សម្រាប់ការរស់នៅ»។

ជាមួយគ្នានេះដែរ Toyota ក៏បានចូលរួមសហការជាមួយក្រុមហ៊ុន Gitai ជប៉ុន ក្នុងការបង្កើតដៃយន្តសម្រាប់ Lunar Cruiser ផងដែរ ដើម្បីបំពេញភារកិច្ចផ្សេងៗជាជំនួយ និងថែទាំ។

វិស្វករជាន់ខ្ពស់របស់ Toyota លោក Shinichiro Noda បានបង្ហាញរំភើបចំពោះគម្រោងភពព្រះចន្ទនេះ ដែលវាបេសកកម្មដ៏វែងឆ្ងាយ ក្នុងការបម្រើដល់អតិថិជន ហើយថាភពព្រះចន្ទអាចនឹងផ្តល់ធនធានដ៏មានតម្លៃសម្រាប់ជីវិតមនុស្សនៅលើផែនដី។

«ការបញ្ជូនរថយន្តរបស់យើងទៅភពព្រះចន្ទ គឺជាបេសកកម្មរបស់យើង។ Toyota មានយានយន្តស្ទើរគ្រប់កន្លែងទាំងអស់ ប៉ុន្តែនេះជាការបញ្ជូនទៅកន្លែងដែលយើងមិនធ្លាប់ទៅដល់»៕

ដកស្រង់ពី៖sabay