Social Network

ស្មាតហ្វូន​ថ្មី Motorola Frontier ​អាច​មាន​កាមេរ៉ា​ធំប៉ុនគ្រាប់ភ្នែក​ និង​ឆ្នាំងសាក 125W

កាលពី ២ខែមុន គេបានលេចឮថា ស្មាតហ្វូនថ្មីរបស់ Motorola នឹងបំពាក់សេនស័រកាមេរ៉ាធំបំផុតដល់ 200MP ដែលជាបច្ចេកវិទ្យារបស់ Samsung។

ថ្មីៗនេះ តាមរយៈរូបភាពលេចធ្លាយនៅលើបណ្តាញអនឡាញ បង្ហាញកាន់តែច្បាស់ថែមទៀត អំពីលេនកាមេរ៉ាស្មាតហ្វូន Motorola ថ្មី ដែលមានរូបរាងដ៏ធំច្បាស់ក្រឡែតនោះគឺជាម៉ូដែល Frontier គ្រោងចេញលក់នៅអំឡុងខែកក្កដា ឆ្នាំ២០២២។

គេជឿជាក់ថា ស្មាតហ្វូនថ្មីនេះពិតជាបំពាក់កាមេរ៉ាមេ 200MP និងមានលេនកាមេរ៉ា២គ្រាប់ទៀតនៅខាងក្រោម ដែលមានទំហំ 50MP ultrawide និង 12MP telephoto។ មិនតែប៉ុណ្ណោះកាមេរ៉ាខាងមុខ ឬកាមេរ៉ាសែលហ្វី អាចនឹងមានទំហំដល់ 60MP ឯណោះ។

Motorola Frontier ត្រូវបានគេដឹងទៀតថា មានអេក្រង់កោងទំហំ ៦,៦៧អ៊ីញ ប្រភេទកញ្ចក់ pOLED ល្បឿន 144Hz។ វាក៏ទំនងជាប្រើឈីប Snapdragon 8 Gen 1 Plus ដែលក្រុមហ៊ុន Qualcomm ទើបប្រកាសចេញ ដំណើរការជាមួយ RAM 8/12GB ជាមួយទំហំផ្ទុក 128/256GB។

បើនិយាយពីថ្មវិញ វាមិនធំណាស់ណាទេ គឺមានទំហំត្រឹមតែ 4500mAh ប៉ុន្តែភ្ជាប់មកជាមួយឆ្នាំងសាកលឿន 125W និងឆ្នាំងសាកឥតខ្សែដែលមានល្បឿនចន្លោះពី 30W ទៅ 50W។ វានឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 ជាមួយ MyUX interface របស់ Motorola៕

ដកស្រង់ពី៖sabay