Social Network

Honda Click ទើបចេញម៉ូឌែលម៉ាស៊ីន160cc ជាមួយរូបរាងថ្មីទាំងស្រុង ខុសពីពាក្យចចាអារ៉ាម

កន្លងទៅយើងធ្លាប់បានលឺព័ត៌មាន ពីប្រទេសឥណ្ឌូណេស៊ីថា Honda នឹងបញ្ចេញម៉ូតូអូតូ Vario (Click) ម៉ូឌែលម៉ាស៊ីន 160cc ថ្មី ដែលកំពុងប្រើនៅលើ Honda PCX ដោយរក្សារូបរាងដដែល ដូចនឹង Click 150cc។

ស្រាប់តែព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ Click 160cc ត្រូវបានប្រកាសចេញជាផ្លូវការ ជាមួយនូវរូបរាងថ្មីទាំងស្រុង និងបច្ចេកវិទ្យាថ្មីផងដែរ។ម៉ាស៊ីនរបស់វាមានទំហំស៊ីឡាំងធំជាងមុន សរុប 160cc ប្រភេទ៤វ៉ាល់ បង្កើតកម្លាំងសរុបបាន ១៥.១៥សេះ មានកម្រិតស៊ីសាំង 46.9 km / l ជាម៉ាស៊ីនតែមួយ ដែលកំពុងប្រើលើ PCX 160នោះដែរ។

មិនត្រឹមតែម៉ាស៊ីនដូចនឹង PCX ឡើយ គ្រប់បច្ចេកវិទ្យាសុវត្ថិភាពរបស់វា ក៏មានដូចគ្នាដែរ ពោលគឺបច្ចេកវិទ្យា HSTC (ប្រព័ន្ទគ្រប់គ្រងរង្វិលកង់មិនឲ្យទួង), ប្រព័ន្ធហ្វ្រាំង ABS នៅកង់មុខ និងបន្ថែមពីលើនោះគឺប្រព័ន្ធគ្រោងឆ្អឹងថ្មី eSAF។ចំណែករូបរាងខាងក្រៅវិញ មានការឌីហ្សាញថ្មីទាំងស្រុង ស្រដៀងនឹង Honda Airblade ដែលកំពុងលក់លើទីផ្សារប្រទេសវៀតណាមដែរ ដោយមើលតាមរូបរាងក្នុងរូបថត អ្នកធម្មតាប្រហែលជាមិនអាចបែងចែកមួយណាជា Airblade ឬ Click ឡើយ។

រីឯប្រអប់ដាក់ឥវ៉ាន់ ជិតដៃចង្កូតវិញ វាមានបំពាក់មកដោយរន្ធសាកថ្មទូរសព្ទផងដែរ ដែលមិនធ្លាប់មានឡើយនៅលើត្រកូល Click មួយនេះ។សម្រាប់តម្លៃលក់ និងថ្ងៃចេញលើទីផ្សារ ក្រុមហ៊ុនមិនទាន់បានប្រកាសនៅឡើយទេ ហើយយើងសង្ឃឹមថានឹងបានឃើញវាឆាប់ៗនេះ នៅក្នុងប្រទេសយើង៕

ដកស្រង់ពី៖sabay