Social Network

ច្បាស់ការហើយ! ក្រោយយឺតយ៉ាវថត ឥឡូវរឿងភាគរបស់សម្ដេចត្រូវដំឡើងដល់ ៥២ភាគ ព្រោះកត្តាសំខាន់មួយចំនួន

ក្រោយរឿងភាគខ្នាតធំស្តែងចេញពីជីវិតពិតរបស់ សម្តេច តេជោ ត្រូវបានលើកពេលថតដោយសារបញ្ហាមួយចំនួន ស្រាប់តែពេលនេះបង្ហាញពេលវេលាជាក់លាក់ហើយ។

ក្រោយសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគរឿង " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី " រួចមក នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចដំឡើងចំនូនភាគដល់ទៅ៥២ភាគ ដែលកាលពីមុនត្រឹមតែ៤៤ភាគ។

មិនត្រឹមតែប៉ុណ្ណោះក្រុមគណៈកម្មការដឹកនាំរឿង បានពង្រីកនូវសេណារីយូដោយបញ្ជូលនូវតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមទៀត ធ្វើឲ្យអត្ថបទភាពយន្តកើនឡើងដោយមានការផ្ចិតផ្ចង់ និងប្រុងប្រយ័ត្នខ្ពស់បំផុតពី ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអនុញ្ញាតឲ្យគណៈកម្មការ បានសាងសង់ទីតាំងសម្រាប់ថតសំខាន់ៗ មួយចំនួន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់ នៃបញ្ជាការដ្ឋានអង្គរក្ស។

សម្តេចតេជោបន្តថា ដំណើរសាច់រឿងមួយចំនួនធំ យើងគួរតែចុះថតដោយផ្ទាល់នៅតាមទីតាំងប្រវត្តិសាស្រ្តមួយចំនួន ឯសាច់រឿងមួយចំនួនយើងត្រូវថតក្នុងស្ទីឌីយោ ហើយតួសម្លែងទៀតសោតត្រូវតែមានការហ្វឹកហាត់ បណ្តុះបណ្តាល ឲ្យមានយល់ដឹងច្បាស់លាស់ និងស៊ីជម្រៅទៅនឹងប្រវត្តិសាស្រ្តពិតដែលបានកើតឡើងទាក់ទិនទៅនឹងសាច់រឿងទាំងមូល។

លោក ហ៊ុយ វាសនា បានឲ្យដឹងថា ដោយសារភាពយឺតយ៉ាវនៃការថតដែលគ្រោងអនុវត្តក្នុងខែ មករា កន្លងទៅដោយសារមានកត្តាជាច្រើនមានដូចជា ៖

ដោយសាបញ្ហាកូវិដ១៩

ពាក់ពន្ធ័ទៅនឹងតួអង្គប្រវត្តសាស្រ្តខ្លះៗដែលត្រូវបំពេញបន្ថែម

សម្ភារៈមួយចំនួនត្រូវស្វែងរក

សម្រាប់ការងារផលិតថតភាពយន្តភាគ នឹងចាប់ផ្តើមដំណើរការរបស់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២តទៅ ដោយក្រុមការងារ និងសិល្បៈករ សិល្បៈការិនីទាំងអស់ បានរួមគំនិតគ្នាជាធ្លុងមួយ ដើម្បីផលិតខ្សែភាពយន្តភាគប្រវត្តិសាស្រ្តមួយនេះ។ រម្លឹកផងដែរថា ខ្សែរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» ដែលសាច់រឿងឆ្លុះបញ្ចាំងពីជីវិតពិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានផលិតជាខ្សែភាពយន្តភាគខ្នាតធំហើយ។

ឯតួឯកធំ ២រូបក៏ត្រូវបង្ហាញដែរ គឺលោក ប៉ាន់ ខែមម៉ានូ តារាចម្រៀងប្រពៃណីបុរាណ (សម្ដែងជាតួ សម្ដេចតេជោ ហ៊ុនសែន) កញ្ញា ហ៊ិន ចាន់នីរត្នន៍ ពិធីការិនីដ៏ល្បី (សម្ដែងជាតួសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី)៕

ដកស្រង់ពី៖Sabay