Social Network

មកដឹងមូលហេតុ រឿន ណាត មិនអាចលុបស្នាមសាក់លើដងខ្លួនចេញ

តារាចម្រៀង និងសម្ដែងខ្មែរមួយចំនួន បានបង្កើតស្នាមសាក់នៅលើដងខ្លួន ដោយស្នាមសាក់ទាំងនោះមានសណ្ឋាន ឬរូបបង្កប់នូវអត្ថន័យផ្សេងៗគ្នា។ គេសង្កេតឃើញតារាខ្លះ បានសាក់ហើយក៏លុបចេញ ជាពិសេសស្នាមសាក់បេះដូង និងឈ្មោះគូសងង្សារ ត្រូវលុបចោលវិញភ្លាមៗក្រោយស្នេហាបែកបាក់ ឬខុសបំណងដើមដែលខ្លួនចង់បាន។

សម្រាប់បវរកញ្ញាចក្រវាលឆ្នាំ២០១៨ រឿន ណាត ក៏មានស្នាមសាក់ដិតក្រឡៅនៅក្រោមកញ្ចឹងកដែរ។ចំពោះស្នាមសាក់នេះកញ្ញា បានបញ្ជាក់អត្ថន័យតាមរយៈSabay កាលពីពេលថ្មីៗនេះថា ស្នាមសាក់នេះបង្ហាញពីជីវិតរស់រវើកខាងសិល្បៈរបស់កញ្ញា ក្រោយពីកញ្ញាបានជាប់ជាបវរកញ្ញាចក្រវាលតំណាងជាតិកម្ពុជាក្នុងកម្មវិធី“Miss Universe Cambodia 2018” ហើយចេញទៅប្រកួតយ៉ាងស្វិតស្វាញនៅថៃ។

កញ្ញា រឿន ណាត បន្ថែមថា ដោយក្ដីស្រឡាញ់កម្មវិធី និងចូលចិត្ដអាជីពដើរម៉ូដផង កញ្ញាមិនដឹងរកពាក្យពេចន៍អ្វីមកនិយាយត្រូវនោះ ទើបនាងសម្រេចបង្កើតស្នាមសាក់នេះឡើងទុកជាអនុស្សាវរីយ៍។ ណាងថាបើទោះបីជាការងារសិល្បៈនាថ្ងៃអនាគត ប្រែប្រួលទៅជាយ៉ាងណា ក៏នាងមិនលុបវាចេញដែរ។

កញ្ញា រឿន ណាត៖ “ស្នាមសាក់នេះ ខ្ញុំចាក់បានប្រហែលកន្លះឆ្នាំហើយ ហើយវានានិមិត្ដរូបរបស់ខ្ញុំ…ស្នាមសាក់លើខ្លួនខ្ញុំមានតែមួយហ្នឹងទេ ហើយជាស្នាមសាក់ចុងក្រោយក្នុងមួយជីវិត ខ្ញុំអត់មានបំណងលុបវាចេញទេ"។

កញ្ញា រឿន ណាត អះអាងថា រយៈកម្មវិធីនេះហើយ ដែលជ្រោងឲ្យនាងកាន់តែមានភាពលេចធ្លោក្នុងរង្វង់អ្នកសិល្បៈ។ ក្នុងនោះកញ្ញា ទទួលបានការងារសិល្បៈកាន់តែច្រើននៅដើមឆ្នាំ២០២២ នេះ ពោលគឺទទួលបានទាំងការងារជាពិធីការិនី ដើរម៉ូដ និងថតស្ពតពាណិជ្ជកម្មផ្សេងៗ៕

ដកស្រង់ពី៖Sabay