Social Network

វែកញែកសាវតារបទ“ម្លប់ពោធិ៍បាក់ខែង" ធ្លាយមូលហេតុ ស៊ីន ស៊ីសាមុត ចូលស្ទូឌីយោដោះអាវ ទុកតែមួក

តន្ដ្រីករ និងម្ចាស់ស្នាដៃនិពន្ធបទ “ម្លប់ពោធិ៍បាក់ខែង” ដែលច្រៀងដោយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កាលពីអំឡុងទសវត្ស៧០ បានជួបគ្នាជាថ្មីក្នុងស្ទូឌីយោ នៃវិទ្យុក្នុងស្រុកមួយតាមរយៈបទសម្ភាសន៍របស់លោក សេង តារា កាលពីដើមខែកុម្ភៈ នេះ។

អ្នកនិពន្ធបទ "ម្លប់ពោធិ៍បាក់ខែង" គឺលោក ថាច់ ប៊ុនរឿន និងតន្ដ្រីករ ឯល ប៊ុនណា បានរំលឹកដល់សកម្មភាពផលិតបទមនោសញ្ចេតនាមួយនេះ ហើយក៏បានរំលេចនូវសកម្មភាពខ្លះៗរបស់លោក ស៊ីន ស៊ីសាមុត ពេលកំពុងថតចម្រៀងផងដែរ។ អ្វីដែលគេចាប់អារម្មណ៍ជាងគេនោះ គឺលោកទាំង២ បានលាតត្រដាងមូលហេតុដែលលោក ស៊ីន ស៊ីសាមុត ចូលស្ទូឌីយោថតចម្រៀងម្ដងៗ តែងតែដោះអាវ។

លោក ឯល ប៊ុនណា ៖”កាលសម័យនោះចូលថតមួយហ្វូងហ្មង ហើយម៉ាស៊ីនត្រជាក់អត់ដូចឥឡូវទេ ឮណាស់ អីចឹងពេលដែលថតហ្នឹងគ្រប់គ្នាត្រូវដោះអាវទាំងអស់គ្នា លោក ស៊ីន ស៊ីសាមុត ក៏គាត់ដោះអាវដែរ គ្រាន់តែគាត់អត់ចោលមួកទេ ព្រោះវាក្ដៅស្អុះពេក ពេលថតចប់បានយើងបើកមាស៊ីនត្រជាក់វិញ”។ តន្ដ្រីករជើងចាស់រូបនេះ បន្ថែមថា មុនថតបទ “ម្លប់ពោធិ៍បាក់ខែង” រូបលោកបានស្កាត់ទៅជួបលោក ស៊ីន ស៊ីសាមុត ដល់ផ្ទះនៅម្ដុំផ្សារស៊ីឡឹប ដើម្បីប្រគល់ណោតភ្លេងជូនគាត់។

ដល់ថ្ងៃថត លោក ស៊ីន ស៊ីសាមុត បានមកដល់ស្ទូឌីយោ “វ៉ាន់ចាន់ភាពយន្ដ” ដំណាលគ្នានឹងតន្ដ្រីករផ្សេងទៀតដែរ។ ពេលនោះរូបលោក និងម្ចាស់បទ ក៏បានចូលទៅក្នុងស្ទូឌីយោដែរ ដើម្បីនិយាយគ្នាបន្ថែមលើការផលិតបទមួយនេះ។ នៅក្នុងសៀវភៅកំណត់ហេតុរបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ក៏បានសរសេររំលឹកដែរថា លោក ស៊ីន ស៊ីសាមុត មានទម្លាប់ដោះអាវមុនចូលស្ទូឌីយោច្រៀងម្ដងៗ។

ប៉ុន្ដែមូលហេតុពិត នៃការដោះអាវ ហើយទុកតែមួកនេះ ត្រូវលោក ឯល ប៊ុនណា បញ្ជាក់ថា មកពីនៅក្នុងស្ទូឌីយោក្ដៅស្អុះ ព្រោះត្រូវបិទម៉ាស៊ីនត្រជាក់កុំឲ្យឮរំខានដល់ដល់ការថត ហើយរឿងមួកវិញ គឺ ស៊ីន ស៊ីសាមុត ចូលចិត្ដបំផុត ព្រោះលោកឃើញ លោក ស៊ីន ស៊ីសាមុត ពាក់វាទាំងយប់ សូម្បីតែលោកចេញពីបន្ទប់ទឹកភ្លាមក៏ពាក់វាដែរ៕

 

 

ដកស្រង់ពី៖Sabay