Social Network

កុំអាលយកឱ្យជាងជួសជុល iPhone ខ្សោយសេវា សាកប៉ុន្មានក្បាច់នេះអាច​សង្គ្រោះបាន

កំពុងខលទៅក្រៅសុខៗក៏ដាច់ផឹង ឬផ្ញើសារទម្រាំចេញត្រូវនៅចាំយូរជាដើម នោះបញ្ជាក់ថា iPhone របស់អ្នកកំពុងខ្សោយសេវា។ ដូចនេះដើម្បីឱ្យសេវាដំណើរការល្អឡើងវិញ អ្នកអាចសាកបច្ចេកទេសមូលដ្ឋានទាំងនេះជាមួយ Sabay បន្តិចមើល៎។

១. Signal Refresh គឺដើម្បីឱ្យ iPhone ស្វែងរកចាប់សេវាទូរសព្ទម្ដងទៀត ឬចាប់សេវាពីបង្គោលអង់តែនណាដែល iPhone របស់អ្នកនៅកៀកជាងគេ។ចូលទៅកាន់ Control center បើកមុខងារ Airplane Mode មួយសន្ទុះ បន្ទាប់មកចុចបិតវិញជាការស្រេច។

២. សាកថ្មទូរសព្ទ នៅពេល iPhone របស់អ្នកជិតអស់ថ្ម វានឹងមានការលំបាកក្នុងការស្វែងរកសេវាទូរសព្ទដែលនៅជិតបំផុត។ ដូចនេះបើ iPhone របស់កំពុងខ្សោយសេវា កុំភ្លេចឧស្សាហ៍មើលថាមពលថ្មរបស់វាផង ក្រែងជិតអស់។

៣. ដោះស្រោមការពារចេញ ស្រោមទូរសព្ទខ្លះអាចប៉ះពាល់ដល់រលកសញ្ញាទូរសព្ទឆ្លងកាត់ ដោយអាស្រ័យទៅតាមប្រភេទ ឬកម្រាស់របស់ស្រោមការពារនោះ។ បន្ទាប់ពីដោះស្រោមការពារចេញ អ្នកអាចសង្កេតមើលវាប៉ុន្មានថ្ងៃ តើសេវាទូរសព្ទល្អប្រសើរជាងមុនពេលដោះស្រោមចេញឬអត់?

៤. អាប់ឌែត iOS ទៅជំនាន់ចុងក្រោយ នៅក្នុងជំនាន់ខ្លះនៃ iOS អាចមានបញ្ហាសេវាទូរសព្ទ ឬបញ្ហាស៊ីថាមពលថ្មជាដើម ដូចនេះកុំភ្លេចអាប់ឌែត iOS ទៅជំនាន់ចុងក្រោយបំផុត ដើម្បីដោះស្រាយបញ្ហាសេវាផងដែរ។របៀបអាប់ឌែត iOS គឺចូលទៅកាន់ Settings > General > Software Update។

៥. ត្រួតពិនិត្យស៊ីមកាតឡើងវិញ ត្បិតថាស៊ីមកាតនៅក្នុងទូរសព្ទ កម្រប៉ះទង្គិចនឹងអ្វីធ្វើឱ្យខូចខាតក៏ពិតមែន ប៉ុន្ដែវាក៏អាចនឹងខូច ឬដំណើរការមិនល្អផងដែរ។

៦. ប្ដូរទីតាំង សំណង់អាគារខ្ពស់ៗ ឬដើមឈើច្រើន ក៏អាចជាឧបសគ្គដល់សេវាទូរសព្ទផងដែរ ដូចនេះ កុំអាលបន្ទោស iPhone របស់អ្នក សាកប្ដូរទីតាំងដែលអ្នកកំពុងស្ថិតនៅសិន វាអាចនឹងមានសេវាល្អឡើងវិញបាន។

ជាចុងក្រោយ អ្នកអាចពិគ្រោះជាមួយអ្នកនឹងអ្នកបច្ចេកទេសស្មាតហ្វូន ឬក៏ជាងជួសជុលទូរសព្ទនៅក្បែរអ្នកបំផុត ប្រសិនបើដំណោះស្រាយបឋមខាងលើមិនអាចដោះស្រាយបញ្ហាខ្សោយសេវា iPhone របស់អ្នកបាន៕

ដកស្រង់ពី៖sabay