Social Network

Honda Click ឬ Vario 160 ឆ្នាំ២០២២ គ្រាន់តែពន្ធនាំចូលអាចទិញ អាសង់ ស៊េរីថ្មីបាន ១គ្រឿង

Honda Click ឬ Vario 160 ត្រូវបានប្រកាសចេញលក់ជាផ្លូវការក្នុងប្រទេសឥណ្ឌូណេស៊ី ដោយមានតម្លៃចាប់ពី ១៨០០ដុល្លារ (សម្រាប់ប្រភេទ CBS) និង ១៩៩០ដុល្លារ (សម្រាប់ប្រភេទ ABS)ដែលបានផ្លាស់ប្តូររូបរាងទាំងស្រុង ទំនើបគួរឱ្យទាក់ទាញ និងបំពាក់បច្ចេកវិទ្យាថ្មី។

Click ឬ Vario 160 នេះ បំពាក់ចង្កៀងមុខជាប្រភេទ LED ស្ថិតនៅផ្នែកខាងក្រោម ឯភ្លើងស៊ីញ៉ូស្ថិតនៅផ្នែកខាងលើ ចង្កៀងក្រោយក៏ជាប្រភេទ LED ។

កុងទ័រប្រភេទឌីជីថល LCD មានរន្ធសាកថ្ម USB និងប្រព័ន្ធបញ្ឆេះម៉ូតូពីចម្ងាយ។ ឃ្លុបក្រោមកែប មានចំណុះ ១៨លីត្រដែលអាចដាក់ឥវ៉ាន់បានច្រើន។

សម្រាប់ទីផ្សារប្រទេសកម្ពុជា បើតាមការសាកសួរពីលោក សីហា ជាអ្នកលក់ម៉ូតូនៅម្ដុំគិរីរម្យបានប្រាប់ Sabay ថា Honda Click ឬ Vario 160 ស៊េរីឆ្នាំ២០២២ នេះហាងមិនទាន់គិតគូរយកមកលក់ទេដោយមានពន្ធចូលថ្លៃប្រហែលខ្ទង់ ២ពាន់ជាទៅហើយ។ តែទោះជាយ៉ាងណាបើសិនជាមានអ្នកកុម្ម៉ង់ទិញហាងនឹងនាំយកមក តែចំពោះតម្លៃច្បាស់យ៉ាងណានេះលោកមិនបានបញ្ចេញឡើយ។

ម៉ូតូ Honda នេះ ប្រើម៉ាស៊ីន eSP+ ចំណុះ ១៥៧សេសេ ដូចទៅហ្នឹង PCX អាចផលិតបានកម្លាំង ១៥,១៥សេះ និងកម្លាំងរមួល ១៣,៨ញ៉ូតុនម៉ែត្រ។ ចំពោះកម្រិតស៊ីសាំងគឺ១លីត្រជិះបាន ៤៦,៩គីឡូម៉ែត្រ។

វាក៏បំពាក់ប្រព័ន្ធសុវត្ថិភាពដូចគ្នាដែរ ដូចជា HSTC ដែលជាប្រព័ន្ធគ្រប់គ្រងរង្វិលកង់មិនឱ្យទួង ប្រព័ន្ធហ្រ្វាំង ABS នៅកង់មុខ ហើយបានបំពាក់គ្រោងឆ្អឹងថ្មី eSAF៕

ដកស្រង់ពីsabay