Social Network

ស្ទីលតែងខ្លួនទៅកម្មវិធីនេះនោះ គេបង្ហាញអស់ហើយ ឥឡូវមកដឹងពីរបៀបផាត់មុខ និងតែងតួល្ខោនបាសាក់ម្ដង

ល្ខោនបាសាក់ គឺជាទម្រង់សិល្បៈទស្សនីយភាពខ្មែរ ដែលមានដើមកំណើតចេញពីស្រុក បាសាក់ ខេត្តឃ្លាំង (បច្ចុប្បន្នស្ថិតនៅទឹកដីកម្ពុជាក្រោម)។ ទម្រង់នៃការសម្ដែងនៃល្ខោនបាសាក់ បានបង្ហាញនូវកាយវិការភាពទន់ភ្លន់ ប៉ុន្តែស្វាហាប់។

ចំណែកពាក្យសម្ដីវិញ តួម្នាក់ៗត្រូវទន្ទេញចាំស្ទាត់ជាមុន ក៏ដូចជាមានការដឹកនាំសម្ដែងយ៉ាងត្រឹមត្រូវទៅតាមទំនៀមទម្លាប់ក្បួនច្បាប់របស់ល្ខោន។ ក្រៅពីរៀបចំការសម្ដែង អ្វីដែលជាចំណុចទាក់ទាញផងដែរនោះគឺ ឈុតដែលតួនីមួយៗគ្រង និងការតុបតែងមុខមាត់ (ផាត់មុខ) យ៉ាងត្រឹមត្រូវ មិនមែនចេះតែស្លៀក ឬតែងតាមតែការនឹកឃើញនោះទេ ពោលគឺអាស្រ័យលើប្រភេទតួដែលត្រូវសម្ដែង។

ជាក់ស្ដែង ដើម្បីជាការចែករំលែកចំណេះដឹងទូទៅដល់មហាជន អ្នកនាង ស៊ូ ដាណេ សិល្បការិនីបុរាណខ្មែរ ដែលជាអ្នកស្នងតំណែងថែកេរមរតកសិល្បៈដូនតា និងជាអតីតសិស្សសាលាភូមិន្ទវិចិត្រសិល្បៈដែរនោះ បានបង្កើតវីដេអូ ដោយបង្ហាញពីរបៀបនៃការផាត់មុខសម្រាប់ការសម្ដែងល្ខោនបាសាក់ ក៏ដូចជាបែបបទនៃការគ្រងឈុតបាសាក់ (គ្រឿងធំបុរស) ឲ្យត្រូវតាមក្បួនខ្នាត ដោយមានការជួយសម្រួលពី សិល្បការិនីល្ខោនបាសាក់ផ្ទាល់មានឈ្មោះ ឆវី។

 

ដកស្រង់ពី៖Sabay